(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងកាត់ ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ជាច្រើនវគ្គរួចមក នៅទីបំផុត គេបានរកឃើញម្ចាស់ជយលាភីបវរកញ្ញាឯកភពផែនដី «Miss Planet International» រួចហើយ ខណៈម្ចាស់ជយលាភីបវរកញ្ញាឯកជាប់ជយលាភីលេខ១ បានទៅលើប្រទេសអាហ្រ្វិកខាងត្បូង។ ចំណែកឯជយលាភីលេខ ២ បានទៅលើប្រទេសថៃ និង​លេខ៣ ម៉ាឡេស៊ី, ​លេខ៤ បានទៅលើប្រទេសប៉ារ៉ាហ្គាយ និង​លេខ​៥​ បានទៅលើប្រទេសភីលីពីន។ ក្នុងនោះ ប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដោយការរៀបចំកម្មវិធី ប្រកបដោយភាពរលូន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ បវរកញ្ញាឯកទាំង ៥ រូប ដែលមកពីប្រទេសផ្សេងគ្នា បានបង្ហាញចំណាប់អារម្មណ៍ រីករាយសប្បាយចិត្ត និង​រំភើប ដែលខ្លួនបាន​មកដល់ប្រទេសកម្ពុជា និង ចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីលំដាប់ពិភពលោក ​«Miss Planet International»។ ការមកដល់ប្រទេសកម្ពុជានេះ គឺ​បវរកញ្ញាឯក​ទាំង៣៤ប្រទេស បានស្គាល់ពីតំបន់​ទេសចរណ៍ជាច្រើន​ នៅក្នុងប្រទសកម្ពុជា ជាពិសេសគឺតំបន់ប្រាសាទអង្គរវត្ត ស្ថិតនៅខេត្តសៀមរាបតែម្ដង ដែលជាតំបន់ដ៏ទាក់ទាញ និងជាអរិយធម៌របស់កម្ពុជា ដោយជាស្នាដៃរបស់បុព្វបុរសតាំង​ពីជំនាន់ដើម។

ម្ចាស់មកុដមកពីអាហ្វ្រិកខាងត្បូង កញ្ញា Monique Best បានបង្ហាញអារម្មណ៍យ៉ាងមុតមាំថា ក្រោយពេលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ក្នុងនាមជាម្ចាស់មកុដលើកដំបូងរបស់កម្ពុជា នាងនឹងផ្សព្វផ្សាយ ពីអ្វីដែលនាងបានឃើញជួប នៅក្នុងប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ ការមកដល់ប្រទេសកម្ពុជានេះ នាងក៏បានស្វែងយល់ពីវប្បធម៌ និង របៀបរស់នៅរស់ប្រជាជនខ្មែរផងដែរ។

អ្នករៀបចំកម្មវិធី «Miss Planet International» បានអះអាងថា នេះគឺជាលើកដំបូង ដែលកម្ពុជា បានរៀបចំព្រឹត្តិការណ៍លំដាប់អន្ដរជាតិ ទោះបីជាលើកទី១ ក្ដី ប៉ុន្តែកម្មវិធីដំណើរការទៅយ៉ាងរលូន ហើយក៏បាននាំយកនូវបវរកញ្ញាឯក មកពីបណ្ដារប្រទេសផ្សេងៗជាច្រើន ឲ្យមកប្រកួតដណ្ដើមមកុដ។

សូមជម្រាបថា «Miss Planet International» ​ធ្វើឡើងជារៀងរាល់​ឆ្នាំ​ ខណៈនៅឆ្នាំនេះបានបញ្ចប់ការប្រកួតយ៉ាងជោគជ័យនៅកម្ពុជា ហើយនៅឆ្នាំក្រោយនឹងប្រកួតនៅប្រទេសថៃ។ ជាមួយគ្នានេះ បវរកញ្ញាឯកទាំង៥រូប ដែលទើបជាប់ជយលាភី នឹងបន្តបេសកកម្មពេញមួយឆ្នាំ ដើម្បីភពផែនដី និង​បរិស្ថាន៕