(ភ្នំពេញ)៖​ ទស្សនិកជននៅចាំមិនភ្លេចទេ បើរំឮកដល់ឈ្មោះ សម ម៉ាណា ​ព្រោះនាង គឺជាតារាសម្តែង និងជាតារាចម្រៀងស្រីមួយដួង ដែលមានភាពលេចធ្លោរ និងល្បីល្បាញខ្លាំង កាលពីជាង ៥ឆ្នាំមុន ហើយក៏បានបាត់វត្តមានឈឹងតែម្តង ដោយមិនឃើញក្នុងការងារសិល្បៈ ខណៈទៅរស់នៅយ៉ាងស្ងប់ស្ងាត់ប្រកបដោយជីវភពធូរធារ។ រហូតមកទល់នឹងដើមឆ្នាំ២០១៩នេះ ទស្សនិកជនបានសម្តែង​នូវការចាប់អារម្មណ៍គ្រប់គ្នា ពេលឃើញតារាស្រីដួងនេះ បង្ហាញវត្តមានជាថ្មីឡើងវិញ តាមរយៈចូលរួមជាតារាកិត្តិយស ក្នុងកម្មវិធី​ «ស៊ីអារម្មណ៍» របស់ស្ថានីយទូរទស្សន៍​មួយ។

ជាក់ស្តែង ជាមួយនឹងការវិលត្រឡប់ មកប្រឡូកខ្លួនក្នុងសង្គមសិល្បៈ តាមរយៈចូលរួមក្នុងកម្មវិធីខាងលើនេះ គេមិនទាន់ដឹងនោះទេថា​​​ នាងមានបំណងចូលសិល្បៈវិញ ​ឬយ៉ាងណា ហើយបើនាងបានសម្រេចចិត្តចូលសិល្បៈវិញ មហាជនក៏មិនទាន់ដឹងនោះដែរថា តើប្រជាប្រិយភាពរស់នាង មានការកើនឡើង មានទីផ្សារ ដូចកាលពីជាង ៥ឆ្នាំមុនឬយ៉ាងណានោះទេ។ អ្វីដែលមហាជនធ្វើការកត់សម្គាល់ គឺត្រឹមដឹងថា ការវិលមកចូលសិល្បៈលើកនេះ នាងត្រូវបានតារាប្រុសស្រីជាច្រើន ទទួលស្វាគមណ៍យ៉ាងយកចិត្តទុកដាក់ផងដែរ។ ក្នុងនោះនាងត្រូវបានលោក យ៉ែម​ សំអូន ប្រធានក្រុម​ តារា​ Entertainment ផ្តល់ឱកាសឱ្យចូលក្នុងក្រុមចម្រៀងរបស់លោកទៀតផង ខណៈនេះប្រៀបបានជាផ្នែកមួយ ជួយឱ្យនាងមានមុខមាត់ និតមានទីផ្សារសិល្បៈឡើងវិញ ក្រោយបាត់មុខរយៈពេល ៥ឆ្នាំ។

បើយោងតាមការ​បង្ហើបឱ្យដឹង ពីសំណាក់មិត្តភ័ក្រស្និតស្នាលនឹង ​សម​ ​ម៉ា​ណា​ ​បានប្រាប់ Fresh News និង Khmer Talking ថា មូលហេតុ ​ដែលនាង​ចាក​ចេញពី​សិល្បៈកាលពីមួយរយៈធំមុន គឺដោយសារ​គូស្នេហ៍មានការ​ប្រចណ្ឌខ្លាំងពេក មិនយកពីនាងជាអ្នកសិល្បៈ ​ជាពិសេស​មិន​ចង់ឱ្យ​ហត់នឿយ​ក្នុង​ការងារ​នេះ​ ហើយក៏សម្រេចចិត្តផ្អាក់ពីសិល្បៈតែម្តង។ យ៉ាងណាមិញ ថ្មីៗនេះ ​សម​ ​ម៉ា​ណា​ ក៏ស្រាប់តែ​បង្ហាញវត្តមាន​នៅក្នុង​កម្មវិធី​មួយ ​នៅក្នុង​ទូរទស្សន៍​ ដោយមិនដឹងមូលហេតុ ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅវិញ។

ទោះមានការបង្ហើបប្រាប់ពីប្រភពបែបនេះក្តី តែ សម ម៉ាណា មិនទាន់បានចេញមុខបញ្ជាក់ប្រាប់ទស្សនិកជន ពីមូលហេតុ ដែលនាងសម្រេចិត្តចូលសិល្បៈវិញនៅឡើយទេ ហើយអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ជាងនេះនោះ គឺនាងទើបតែទទួលបានកាដូជារថយន្ត​ឡិច​ស៊ី​សព​ណ៌​ខ្មៅស៊េរី​ទំនើប​មួយគ្រឿង ក្នុងថ្ងៃខួបកំណើត ដែលមានតម្លៃ​រាប់​ម៉ឺន​ដុល្លារ៕