(ភ្នំពេញ)៖ ភាពយន្តខ្នាតធំរឿង​ «ទារុណកម្មខ្មោច» ត្រូវបានផលិតករបង្ហើបឲ្យដឹងថា កំពុងត្រៀមខ្លួនចូលទីផ្សារលក់ភាពយន្តពិភពលោក នៅទីក្រុងហុង ប្រទេសចិន ក្នុងពេលឆាប់ៗខាងមុខនេះ ដែលជាមោទនភាព​ថ្មីមួយទៀត លើវិស័យភាពយន្តរបស់ប្រទេសកម្ពុជា ក្នុងទីផ្សារភាពយន្តអន្តរជាតិ ខណៈការដាក់បញ្ចាំងរយៈពេល៤ថ្ងៃ នៅតាមបណ្ដារោងភាពយន្តទំនើបនានា មានអ្នកអ្នកទស្សនាយ៉ាងច្រើនកុះករ ស្ទើរមិនគួរឲ្យជឿ។

ការពិតថ្មីៗនេះ ភាពយន្តខ្មែររឿង «ទារុណកម្មខ្មោច» បានដាក់បញ្ចាំងពេញរោងកុនទីក្រុងភ្នំពេញ និងសៀមរាប ចាប់ពីថ្ងៃ២៨ រហូតមកដល់ថ្ងៃនេះ៤ថ្ងៃពេញ រោងភាពយន្តពេញលក់សំបុត្រគ្មានសល់ ពិសេសយុវវ័យទះដៃ អបអរសាទរស្នាដៃដ៏អស្ចារ្យមួយនេះ ដែលដឹកនាំដោយកូនខ្មែរ លោក ហ៊ុយ យ៉ាឡេង (មាតុចក្រ) ដែលយុវវ័យតែងសម្គាល់ឃើញថា ភាពយន្តអ្នកដឹកនាំរូបនេះ តែងនាំភាពយន្តខ្មែរទៅក្រៅប្រទេស។

ពិសេសថ្មីៗនេះ លោក ហ៊ុយ យ៉ាឡេង ទើបតែនាំភាពយន្តខ្មែរទៅដាក់បញ្ចាំង នៅប្រទេសបារាំង ​និងសហរដ្ឋអាមេរិកហើយដែរ ហើយភាពយន្តក្រោយរបស់លោករឿង «ទារុណកម្មខ្មោច» ដែលកំពុងបញ្ចាំងបាន៤ថ្ងៃនេះ កំពុងតែកក្រើកទស្សនិកជនយ៉ាងខ្លាំង ហើយអ្នកទស្សនាក្រោយទស្សនាចប់​ទះដៃ និងកោតសរសើរគាំទ្រពេញទំហឹងតែម្តង កូនខ្មែរភាពយន្តខ្មែរកំពុងទៅមុខហើយ។ ដូចនេះអ្នកដែលមិនទាន់ទស្សនា សូមទៅទស្សនាដើម្បីគាំទ្រភាពយន្តខ្មែរមួយនេះ ដែលកំពុងគ្រងធ្វើដំណើរ ទៅក្រៅប្រទេសផងដែរ។

​លោក ហ៊ុយ យ៉ាឡេង បានថ្លែងប្រាប់ថា ថ្ងៃទី១៧ខែមីនា ខាងមុខនេះ លោក​នឹងនាំយករឿង «ទារុណកម្មខ្មោច» ទៅចូលទីផ្សារលក់ភាពយន្តពិភពលោក នៅទីក្រុងហុង។ ​បន្ទាប់មកទៀតចូលទៅមហោស្រពភាពយន្ត នៅម៉ាឡេស៊ី និងចូលទៅសាកល្បងទីផ្សារថ្មី នៅប្រទេសភូមា និងវៀតណាម ផងដែរ៕