(ភ្នំពេញ)៖ ជាក់ស្តែង តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» គូស្នេហ៍ស្រស់សង្ហា​ របស់តារាចម្រៀងស្រី សួស វីហ្សា គឺលោក ថមមី បានបង្ហាញប្រាប់ទស្សនិជនជាច្រើន ពីការផ្តើមស្នេហ៍ដំបូងជាមួយ សួស វីហ្សា ក៏ដូចជាគន្លិះនានា ក្នុងការកាន់ដៃគ្នាសាងជីវិតស្នេហា ប្រកបដោយភាពជឿជាក់លើគ្នា និងអាចឈានដល់ថ្ងៃរៀបការ។ ក្នុងនោះ​លោក ថមមី បានបរិយាយនូវពាក្យពេចន៍ជាច្រើន ក្នុងអត្ថន័យ មានជំនឿទុកចិត្ត និងស្រឡាញ់ យកចិត្តទុកដាក់លើគ្នាយ៉ាងខ្លាំង រវាងលោក និងសួស​ វីហ្សា។ ទោះទំនាក់ទំនងនេះ កាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃក្តី តែលោក ថមមី បានបញ្ជាក់ថា មិនទាន់កំណត់ថ្ងៃរៀបការទេ គ្រាន់តែមានគម្រោង ព្រោះបច្ចុប្បន្នអ្នកទាំងពីរ កំពុងមមាញឹកនឹងការងារសិល្បៈរៀងៗខ្លួន។

លោក ថមមី បាននិយាយប្រាប់ដល់ទស្សនិកជនយ៉ាងដូច្នេះថា លោក​មានអារម្មណ៍ធូរស្រាល ក្នុងចិត្តជាងមុន​ ព្រោះ​បានបង្ហាញពីមនុស្សជាទីស្រឡាញ់ និងទំនាក់ទំនងស្នេហ៍ ទៅដល់មហាជនបានដឹង ខណៈមុនដំបូងគិតដែរ ប្រសិនបើបង្ហាញទំនាក់ទំនង ទៅដល់មហាជនគ្រប់គ្នា ក្លាយបាត់បង់ប្រជាប្រិយភាព។ យ៉ាងណាមិញ ថមមី និង​សួស វីហ្សា បានសម្រេចចិត្តច្បាស់ បានបង្ហាញដល់មហាជនថា អ្នកទាំងពីរស្រឡាញ់គ្នា ដោយមិនខ្វល់រឿងគ្មានទស្សនិកជនគាំទ្រ សំខាន់អ្នកទាំងពីរស្រឡាញ់គ្នាបេះដូងមួយនិងមួយ។ ផ្ទុយទៅវិញ ក្រោយបង្ហាញពីទំនាក់ទំនងបែបនេះ នៅតែមានទស្សនិកជនគាំទ្រច្រើន ហើយលោក ថមមី ក៏អគុណដល់ទស្សនិកជន ដែលគាំទ្ររូបលោក និង សួស វីហ្សា ហើយលោកក៏បានសំណូមពរឲ្យទស្សនិកជន បន្តជួយគាំទ្រតទៅទៀត។

លោកថា ទំរាំតែបង្ហាញប្រាប់ដល់ទស្សនិកជនឲ្យបានដឹងរឿងនេះ គឺពួកគេបានទាក់ទងគ្នាជិត​៥ឆ្នាំហើយ និងបានសិក្សាស្វែងយល់ចិត្តគ្នារួចរាល់អស់ដែរ មុននឹងឈានដល់ ការបង្ហាញបែបនេះ។ លោកថា កញ្ញា សួស វីហ្សា គឺជាមនុស្សស្រីម្នាក់ ដែលស្លូតបូតសុភាពរៀបការ និងម៉ឺងម៉ាត់គ្រប់ការងារ។ អ្វីដែលពិសេស គឺនាងផ្តល់តម្លៃដល់មនុស្ស ដែលខ្លួនស្រឡាញ់ ដូចជាផ្តល់តម្លៃដល់ក្រុមគ្រួសារ និងរូបលោក ជាគូស្នេហ៍ជាដើម។ ក្រោយយល់ចិត្តគ្នាបែបនេះ ហើយរឹតតែធ្វើឲ្យទំនាក់ទំនងស្នេហារបស់លោក និង​នាង កាន់តែស្និទ្ធស្នាល និងផ្អែមល្ហែមបន្ថែមទៀត​។

លោក ថមមី បានសង្កត់ធ្ងន់ថា ធម្មតាមនុស្សពីរនាក់ស្រឡាញ់គ្នា តែងតែមានគម្រោងចង់រៀបការ សាងជីវិតគ្រួសារជាមួយគ្នា​ ហើយរឿងនេះ ក៏ស្ថិតក្នុងគម្រោងរបស់លោក និងគូស្នេហ៍ដែរ តែសំខាន់ពេលនេះលោក និង​សួស វីហ្សា កំពុងតែមមាញឹកនឹងការងារសិល្បៈ ខណៈរៀបការថ្ងៃណានោះ មិនទាន់កំណត់ថ្ងៃខែឆ្នាំនោះឡើយ។ និយាយដល់ចំណុចនេះ លោកថា បើទោះបីជាលោក និង សួស វីហ្សា រៀបការហើយក្តី ក៏មិនចោលការងារសិល្បៈដែរ​ ព្រោះតែការងារនេះហើយទើបលោកស្គាល់គ្នា និង​​មានមុខមាត់ដល់សព្វថ្ងៃ។

គួរជម្រាបថា លោក ថមមី គឺជាតារាប្រុសមួយដួង កំពុងតែមានទីផ្សារសិល្បៈគួរសម ខណៈក្រៅពីសម្តែងភាពយន្ត បច្ចុប្បន្នលោកកំពុងកាន់កម្មវិធីកំសាន្តពីរ ក្នុងនាមជាពិធីករ របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥។

ដើម្បីឲ្យជ្រាប់កាន់តែច្បាស់ថា ថមមី និយាយអ្វីបន្ថែមពីនេះ​ សូមទស្សនាវីដេអូខាងក្រោម៖