(កូរ៉េ)៖ សំបុត្រចូលទស្សនាក្នុងការប្រគំតន្ត្រីរបស់ BTS ត្រូវបានលក់ក្នុងតម្លៃជាង ៤ពាន់ដុល្លារ។ ខណៈពេលដែលការប្រជែងយកសំបុត្រសម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់ BTS «Love Yourself: Speak Yourself» បានបញ្ចប់ ស្រាប់តែមានការប្រកាសលក់សំបុត្រដ៏ច្រើនថែមទៀត ត្រូវបានធ្វើឡើងនៅថ្ងៃដដែល ប៉ុន្តែតម្លៃខុសគ្នា។

នៅដើមខែមីនា សំបុត្រចូលទស្សនាតន្ត្រីទេសចរណ៍ពិភពលោករបស់ក្រុមតារាចម្រៀង K-Pop ដ៏ល្បីនេះ ត្រូវបានដាក់លក់ក្នុងតម្លៃខ្ពស់រហូតដល់ ៤.០១៩ដុល្លារ (៣.០៣៧ផោន) ធ្វើឲ្យមនុស្សជាច្រើន ជាពិសេសក្រុមអ្នកគាំទ្រ BTS មានការខកចិត្តយ៉ាងខ្លាំង។

គួរបញ្ជាក់ថា តម្លៃដើមនៃសំបុត្រ (សម្រាប់ការប្រគំតន្ត្រីនៅ U.K) មានចាប់ពី ៦៦ដុល្លារ (៥០ផោន) ដល់ ២៣២ដុល្លារ (១៧៥ផោន) ជាមួយនឹងកញ្ចប់ពិសេសដែលមានតម្លៃរហូតដល់ ២៦៥ដុល្លារ (២០០ផោន) ។ នៅពេលអស់សំបុត្រ អ្នកគាំទ្រខ្លះបានប្រើបណ្តាញទំនាក់ទំនងសង្គមឬ «StubHub» ដើម្បីលក់សំបុត្រឡើងវិញជាមួយនឹងតម្លៃកើនឡើង យ៉ាងហោចណាស់សំបុត្រមួយតម្លៃ ២៨៤ដុល្លារ (២១៥ផោន) ។

ទោះជាការលក់សំបុត្រទាំងនេះមានលក្ខណៈខុសច្បាប់ពិតមែន ប៉ុន្តែទំហំនៃការបញ្ជាទិញសម្រាប់ការប្រគំតន្រ្តីរបស់ BTS បានកើនឡើងជាយូរណាស់មកហើយ តែក៏មានសំបុត្រត្រូវបានលក់បន្តក្នុងតម្លៃដើមផងដែរ៕