(ភ្នំពេញ)៖ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានប្រកាសនឹងរៀបចំព្រឹត្តិការណ៍ចំនួនពីរ គឺការប្រកួតថ្នាក់ជាតិ និង អន្ដរជាតិ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាម៉ូតូទឹកកម្ពុជាឲ្យកាន់តែរីកចម្រើន ស្របតាមផែនការយុទ្ធសាស្ដ្រ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ដំណើរឆ្ពោះទៅ ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។

លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានដាក់ចេញនូវផែនការច្រើន ក្នុងឆ្នាំ២០១៩ ក្រោយ ទទួលបានជោគជ័យយ៉ាងផុសផុលក្នុងឆ្នាំ២០១៨ ក្នុងនោះមានគម្រោងបង្កើតព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិ និងអន្ដរជាតិផងដែរ ដើម្បីចម្រាញ់រកធនធានកីឡាករមានសមត្ថភាព និងទេពកោសល្យល្អ មកបណ្ដុះបណ្ដាល ឲ្យក្លាយជាកីឡាករអាជីព សម្រាប់ចូលរួមប្រកួតលើឆាកអន្ដរជាតិ។

លោកបន្ដថា «ចាប់ឆ្នាំ២០១៩ តទៅ សហព័ន្ធនឹងរៀបចំព្រឹត្តិការណ៍ក្នុងស្រុកយ៉ាងតិច ២ ក្នុងមួយឆ្នាំ ទី១ ការប្រកួតកម្រិតជាតិ ដើម្បីផ្ដល់ឱកាសដល់យុវជន និងក្លឹបទាំងអស់ចូលរួមប្រកួតប្រជែង និងទី២ ការប្រកួត កម្រិតអន្ដរជាតិ ដោយអញ្ជើញកីឡាករតាមប្រទេសក្នុងតំបន់មកចូលរួមប្រកួត ហើយវាជាឱកាសល្អ សម្រាប់ វាស់ស្ទង់សមត្ថភាពកីឡាករកម្ពុជា និងកីឡាករក្នុងតំបន់ផងដែរ»

រដ្ឋលេខាធិការក្រសួងអប់រំដដែលបន្ថែមថា ឆ្នាំ២០១៨ សហព័ន្ធពិតជាសម្រេចបាននូវផ្លែផ្កាជាច្រើន ពិសេសការ ប្រកួតកីឡា Asian Games ដោយដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ១ និងការប្រកួតកម្រិតពិភពលោក ៣លើក ដណ្ដើមបានមេដាយមាស ២, ប្រាក់ ១ និងសំរឹទ្ធ ៣។ ទន្ទឹមនឹងការសម្រេចបាននូវសមិទ្ធផលធំៗ ទាំងនេះ សហព័ន្ធក៏មានកង្វះខាតខ្លះដែរ ដូចជាខ្វះខាតជាងមេការនិច, គ្រូបង្វឹក, អាជ្ញាកណ្ដាល, ហេដ្ឋារចនា សម្ព័ន្ធ, ក្លឹបជាសមាជិក និងសម្ភារៈបច្ចេកទេសជាដើម។

ប៉ុន្ដែក្រោមការចង្អុលបង្ហាញក្នុងផែនការយុទ្ធសាស្ដ្ររបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ សហព័ន្ធបាននឹងកំពុងធ្វើការជាមួយអ្នកជំនាញ និងសហការជាមួយសហព័ន្ធអន្ដរជាតិ ដើម្បីអភិវឌ្ឍ និងពង្រឹង សក្ដានុពលខ្លួនឲ្យបានកាន់តែខ្លាំងបន្ថែមទៀត ដូចជាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាល ធនធានមនុស្ស ក៏ដូចជាកៀគរការចូលរួមពីសប្បុរសជនជាដើម ដើម្បីរួមចំណែកអភិវឌ្ឍ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង៕