(សេអ៊ូល)៖ ប្រទេសពីរក្នុងទ្វីបអាស៊ីរួមមាន កូរ៉េខាងខាងជើង និងកូរ៉េខាងត្បូង មានគម្រោងចូលរួមដេញថ្លៃធ្វើ ម្ចាស់ផ្ទះ រួមគ្នានៃព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោក ក្នុងឆ្នាំ២០២៣ ខាងមុខ (2023 Women’s World Cup) បន្ទាប់ពីបារាំង ដែលធ្វើម្ចាស់ផ្ទះក្នុងឆ្នាំ២០១៩នេះ។

ប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានបង្ហើបពីគម្រោងចូលរួម ដេញថ្លៃ ធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ខាងលើពីសំណាក់កូរ៉េទាំងពីរ និងបានលើកឡើងថា «វាអាចក្លាយជាប្រវត្តិសាស្រ្តថ្មីមួយទៀតក្នុងវិស័យកីឡាបាល់ទាត់។ វាជារឿងដ៏អស្ចារ្យ»

ប្រជាជាតិទាំងពីរដែលមានភាពតានតឹងខាងផ្នែកនយោបាយអស់រយៈពេលជាច្រើនទស្សវត្សរ៍មកនេះ ក៏បាន ធ្វើការពិភាក្សាជាមួយមហាអំណាចចិន ថាតើមានដៃគូ១ណាដែលស័ក្តិសមក្នុងការធ្វើម្ចាស់ផ្ទះរួមគ្នាសម្រាប់ព្រឹត្តិការណ៍ដែល មានរយៈពេល ៤ឆ្នាំម្តង និងដើម្បីរក្សាចំណងមិត្តភាពនឹងគ្នាទៀតផង។

យ៉ាងណាក៏ដោយ កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានក្លាយជាគូប្រជែងសម្រាប់ការដេញថ្លៃធ្វើម្ចាស់ផ្ទះ FIFA Women’s World Cup 2023 ទល់នឹង៣ប្រទេសផ្សេងទៀតនៅប្លុកអាស៊ីដូចគ្នារួមមាន អូស្រ្តាលី ណូវែហ្សេឡង់ និងជប៉ុន និងប្រទេសស្ថិតនៅទ្វីបអាហ្វ្រិក គឺអាហ្រ្វិកខាងត្បូង ខណៈកូឡុំប៊ី និងថៃ ប្រកាសដកខ្លួនដែល នឹងផុតកំណត់ ទទួលពាក្យនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ដ៏ខាងមុខនេះ៕