(ភ្នំពេញ)៖ បន្ទាប់ពីមានការរិះគន់ធ្ងន់ៗ ពីសំណាក់ទស្សនិកជន ទៅលើបទចម្រៀងមួយបទរបស់ នាយ ចឺម ដែលមានចំណងជើងថា «អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា» ពេញបណ្ដាញសង្គមរួចមក ក្នុងនោះគេសង្កេតឃើញ អ្នកធ្វើភ្លេងបទចម្រៀងមួយបទនេះផ្ទាល់ គឺលោក ផែន បូទី ដែលជាអ្នកនិពន្ធបទភ្លេងមួយរូប នៅក្នុងផលិតកម្ម សាន់ដេ ហាក់មិនមាន​ការអាក់អន់ស្រពន់ចិត្តអ្វីឡើយ ចំពោះទស្សនិកជន។ តែលោកបែរជាបង្ហាញអារម្មណ៍អន់ចិត្ត​ និងឈឺចាប់ស្អិតទ្រូង ដល់អ្នកធ្វើភ្លេងដូចគ្នា ដែលបានចំអកឡកឡឺយដល់រូបលោក នៅពេលធ្វើបទចម្រៀងនេះឡើង​។

​យោងតាមហ្វេសប៊ុក របស់អ្នកធ្វើភ្លេងរបស់សាន់ដេ រូបនេះ បានសរសេរសាររៀបរាប់ថា «ឈឺមធ្យម..ងុំអ្នកភ្លេងគ្នាឯងចំអក! ក្នុងនាមជាអ្ន​កភ្លេងដូចគ្នា មិនគួរយកការច្រណែន​ដែលខ្ញុំ ធ្វើបទល្បីច្រើន​ជាង​ ស្របពេលខ្លួនមិនមានបទអ្វីល្បីសោះនោះ! ​សូមទោស​ បងៗអ្នកភ្លេងរៀមច្បង​ដ៏ល្អ​លើលោក​ ខ្ញុំធ្វើបទបែបនេះឲ្យ​ ចឺម​ ល្បីច្រើនមកហើយ​ តែយ៉ាងហោចណាស់​ ក៏គ្រាន់បើជាងអ្នកភ្លេងខ្លះ លួចបទរបស់គេ(ខ្ញុំ)យកទៅច្រៀង ធ្វើជារបស់ខ្លួនធ្វើព្រងើយនោះដែរ»

គួរជម្រាបថា បទចម្រៀង «អូនជាអ្នកមាន សមនឹងអ្នកមានដូចគ្នា» ដែលជាកបកស្រាយដោយ​តារាចម្រៀង នាយ ចឺម ជាបទលំនាំដើម របស់កវីនិពន្ធ ម្ចាស់ស្ទឹងសង្កែ លោក គង្គ ប៊ុនឈឿន ដែលជាសំនៀមដើមដោយលោកស្រី រស់ សេរីសុទ្ធ មានចំណងជើងថា «ថ្ងៃដែលអូនចុកឈាម ឬ នឹកភូមិភ្នំធំ»។​ ដោយឡែកបទថ្មីមួយបទនេះ របស់នាយចឺម ត្រូវបានមហាជនរិះគន់ធ្ងន់ៗ ព្រោះតែបានកែទំនុកច្រៀង និងបានដាក់ថានិពន្ធបទភ្លេងថ្មី ជាហេតុធ្វើឲ្យទស្សនិកជន បញ្ចេញមតិរិះគន់ ទៅលើតារាចម្រៀងរូបនេះ យ៉ាងចាស់ដៃតែម្ដង ៕