(ភ្នំពេញ)៖ កម្មវិធីប្រឡងប្រកួតប្រជែងសម្រស់ សមត្ថភាព និងទេពកោសល្យ លំដាប់ថ្នាក់ពិភពលោក «Miss Palnet International 2019» ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តិទៅ អស់រយៈពេលជាច្រើនថ្ងៃ និងច្រើនសប្ដាហ៍រួចមក ខណៈដែលការប្រកួត វគ្គផ្ដាច់ព្រ័ត្រ បានបញ្ចប់​ទៅ​យ៉ាង​រលូន​ ​ដោយមាន​វត្តមាន​សិល្បករ​-សិល្បការិនី ព្រមទាំងមន្រ្តី​ថ្នាក់ដឹកនាំ​ជាតិ និងអន្តរជាតិ​ ​ជាច្រើនចូលរួម​អបអរសាទរ​។

យ៉ាងណាមិញ ក្រោយឆ្លងកាត់ការប្រកួតប្រជែង ដ៏ស្វិតស្វាញ ទីបំផុត​គេបានរកឃើញ ម្ចាស់ជយលាភី ដែលបានគ្រងមកុដ «Miss Palnet International 2019» ​កាលពីយប់មិញ ពោលគឺថ្ងៃទី០១ខែ មិនា ឆ្នាំ ២០១៩ហើយ ដោយបានទៅលើ​បវរកញ្ញាតំណាងជាតិ មកពីប្រទេសអាហ្វ្រិកខាងត្បូង (South Africa) ​​ដោយយកឈ្នះបេក្ខនារី មកពី៣៤ប្រទេស ជុំវិញពិភពលោកផ្សេងទៀត។

ដោយឡែក ខណៈបវរកញ្ញាមកពីអាហ្រ្វិកខាងត្បូង (South Africa) បានក្ដោបតំណែង ក្លាយជាម្ចាស់មកុដហើយនោះ គេបានរកឃើញ​បវរកញ្ញាជ័យលេខ២ បានទៅលើ បេក្ខភាពបវរកញ្ញា​មកពីប្រទេសថៃ (Thailand) និងបវរកញ្ញាលេខ៣ បានទៅលើ​ស្រីស្អាតមកពីប្រទេស​ម៉ាឡេស៊ី៕