(ភ្នំពេញ)៖ តារាសម្ដែងបែបកំប្លែង Pey Pey dy ដែលទស្សនិកជនភាគច្រើន ស្គាល់ថា ជាអ្នកដែលផលិតវីដេអូបែបកំប្លែង នៅតាមបណ្ដាញសង្គមហ្វេសប៊ុកនោះ ស្រាប់តែថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំង ខណៈដែលតារាហ្វេសប៊ុក ពូកែថ្វីមាត់រូបនេះ បានបង្ហើរសំនៀង នៅក្នុងបទចម្រៀងមួយបទ នៅផលិតកម្មសាន់ដេ ជាមួយនឹងតារាចំនួន២រូបទៀត ដើម្បីជាចំណងដៃ ស្វាគមន៍ក្នុងឱកាសពិធីបុណ្យ​ ចូលឆ្នាំថ្មីនាពេលខាងមុខ។

ក្នុងនោះ Pey Pey Dy បានចាប់ដៃគូរច្រៀង ជាមួយតារាចម្រៀង Mr. White និង Mr. Blue មានចំណងជើងថា «រាំដោះស្បែកជើង» ដែលជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍។ តាមរយៈបទចម្រៀងមួយនេះ គេសម្គាល់ឃើញ ចេញមិនទាន់បានប៉ុន្មានផង មានអ្នកចូលទស្សនាជាច្រើន ទាំងនៅតាមសង្គមយូធូប និង​ហ្វេសប៊ុក។

សូមជម្រាបថា ក្រៅពីផលិតជាវីដេអូបែបកំប្លែងៗ ធ្វើឲ្យមហាជនសើចរីករាយហើយនោះ បច្ចុប្បន្ន លោក Pey Pey Dy ក៏មានមុខជំនួញ​នៅក្នុងដៃផងដែរ ដោយកំពុងតែមមាញឹក ទាំងការថតស្ពតពាណិជ្ជកម្ម ព្រមទាំងទទួលបានការគាំទ្រ ពីសំណាក់មហាជន​ផងដែរ។

តោះចង់ដឹងថា បទ «រាំដោះស្បែកជើង» ញាក់កន្ត្រាក់អារម្មណ៍បែបណានោះ សូមស្ដាប់ដូចខាងក្រោម៖