(កូរ៉េ)៖​ YG Entertainment បានប្រកាសពីការផ្អាកសម្តែងរបស់ Seungri ហើយការប្រគំតន្ត្រីដ៏ធំមួយនៅទីក្រុង Osaka និង Jakarta ដែលតារាប្រុសរូបនេះនឹងចូលរួមក៏ត្រូវបានប្រកាសលុបចោលផងដែរ។

កាលពីថ្ងៃទី២៨ ខែកុម្ភៈ YG បានឲ្យដឹងថា ការប្រគំតន្ត្រីរបស់ Seungri នៅទីក្រុង Osaka ថ្ងៃទី៩-១០ ខែមីនា និងនៅ Jakarta ថ្ងៃទី១៧ ខែមីនា ត្រូវបានលុបចោល ហើយភ្នាក់ងារបញ្ជាក់ថា កាលពីយប់ម្សិលមិញ Seungri បានចូលរួមសហការជាមួយប៉ូលីសក្នុងការស៊ើបអង្កេត ចំពោះករណីសង្ស័យជាច្រើនអស់រយៈពេល ៨ម៉ោងនិង៣០នាទី ជាពិសេសមានការស៊ើបអង្កេតយ៉ាងតឹងរឹងពីប៉ូលីសទៅលើសេវាកម្មផ្លូវភេទ។

YG បានប្រកាសថា សមាជិកក្រុម BIGBANG រូបនេះ ផ្អាកការសម្តែងហើយ ក្រៅពីការប្រគំតន្ត្រីខាងលើ ចំពោះព្រឹត្តិការណ៍ផ្សេងទៀតរបស់ Seungri ក៏ត្រូវបានពន្យារពេលដែរ ព្រោះគេត្រូវចូលរួមយ៉ាងសកម្មនៅក្នុងដំណើរការស៊ើបអង្កេតរបស់ប៉ូលីស ពាក់ព័ន្ធនឹងឧបទ្ទវហេតុនៅក្លឹប Burning Sun៕