(អាមេរិក)៖ Ariana Grande ហាក់ដូចជាមានដំណឹងល្អជាមួយអតីតមិត្តប្រុសរបស់នាងឈ្មោះ Big Sean។ ប្រភពមួយបានឲ្យដឹងថា ថ្មីៗនេះតារាស្រីវ័យ ២៥ឆ្នាំរូបនេះ បានចំណាយពេលនៅក្នុងស្ទូឌីយោថតជាមួយតារាចម្រៀងរ៉េបអាយុ ៣០ឆ្នាំ ដែលធ្លាប់បានគេដឹងថា ត្រូវជាអតីតមិត្តប្រុសរបស់នាង ហើយកាលពីថ្ងៃព្រហស្បតិ៍ TMZ បានបង្ហោះរូបភាពរបស់អ្នកទាំងពីរ កំពុងអង្គុយជាមួយគ្នានៅក្នុងរថយន្តមួយ នៅខាងក្រៅស្ទូឌីយោថតក្នុងទីក្រុង Los Angeles ។

តំណាងរបស់ Grande និង Sean មិនបានឆ្លើយតបភ្លាមៗចំពោះដំណឹងចចាមអារ៉ាមនេះទេ។ គូស្នេហ៍នេះធ្លាប់បែកបាក់នៅក្នុងខែមេសា ឆ្នាំ២០១៥ បន្ទាប់​ពីនៅជាមួយគ្នាអស់រយៈពេលជិតមួយឆ្នាំ ហើយកាលពីខែតុលា ឆ្នាំមុន Grande ក៏បានផ្តាច់ទំនាក់ទំនងជាមួយគូដណ្តឹងរបស់នាង Pete Davidson ដូចដែល Sean បានបែកបាក់ពីតារាចម្រៀង Jhené Aiko ផងដែរ។

តារាចម្រៀងស្រីរូបនេះ និងអតីតមិត្តប្រុសបានជួបគ្នាលើកដំបូងនៅក្នុងខែសីហា ឆ្នាំ២០១៤ ហើយទំនាក់ទំនងនេះក៏ត្រូវបានបញ្ចប់ បន្ទាប់ពីពួកគេមិនចុះសម្រុងគ្នា ប៉ុន្តែទោះជាយ៉ាងណាអ្នកទាំងពីរត្រូវបានគេនិយាយថា នៅតែរាប់អានគ្នាក្នុងនាមជាមិត្តដ៏ល្អ។

Grande មិនទាន់ឆ្លើយតបចំពោះរឿងនៅឡើយទេ ព្រោះពេលនេះនាងកំពុងត្រៀមខ្លួនចូលរួមក្នុងការប្រគំតន្ត្រីទេសចរណ៍នៅ Albany ទីក្រុងញូវយ៉ក នាថ្ងៃទី១៨ ខែមីនា៕