(កូរ៉េ)៖ រូបភាពអមដោយពន្លឺពណ៌ផ្កាឈូករបស់ Blackpink ត្រូវបានបង្ហាញនៅលើគម្របទស្សនាវដ្តី Billboard នៅខែមីនា បានធ្វើ​ឲ្យក្រុមនេះក្លាយជាក្រុមតារាស្រីកូរ៉េដំបូងគេ ដែលមានវត្តមាននៅលើទស្សនាវដ្ដីអាមេរិកដ៏ល្បី។

រូបភាពនេះត្រូវបានបង្ហោះនៅលើគេហទំព័រ Billboard ផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ បង្ហាញពីសម្រស់សមាជិក Blackpink ៤រូប ស្ថិតក្នុង​សំលៀកបំពាក់ចម្រុះពណ៌ដ៏ស្រស់ស្អាត កំពុងប្រះខ្នងនិងក្បាលរបស់ពួកគេទល់គ្នាសម្លឹងមើលកាមេរ៉ា។

Billboard និយាយថា ម្ចាស់ក្សត្រីយ៍ថ្មីនៃ K-pop បង្ហាញខ្លួន ហើយរូបភាពលើគម្របទស្សនាវដ្តីក៏បង្ហាញពីតារា K-pop ពិសេសប្រចាំខែមីនាដែរ។ នេះជាលើកទីពីរហើយដែល Billboard បញ្ចេញរូបភាពក្រុមតារា K-pop បន្ទាប់ពី BTS ធ្លាប់ជាតារាម៉ូឌែលសម្រាប់ទស្សនាវដ្តីនេះកាលពីខែកុម្ភៈ ឆ្នាំមុន។

ដើម្បីអបអរការប្រគំតន្ត្រីរបស់ក្រុមតារាស្រី K-Pop ដំបូងនៅអាមេរិក Billboard បានផលិតប្រអប់ Blackpink ពិសេស ដែលនឹងបង្ហាញពីប្រវត្តិសិល្បៈរបស់តារាស្រីទាំង៤ គឺ Jisoo, Lisa, Rose និង Jennie ផងដែរ។

សំបុត្រចូលទស្សនាការប្រគំតន្ត្រីរបស់ Blackpink នៅអាមេរិកខាងជើង ចំនួន ៦ម៉ឺនសន្លឹក ត្រូវបានលក់អស់ ហើយពួកគេនឹងចេញសម្តែងនៅទីក្រុងចំនួន៦ របស់អាមេរិក និងកាណាដា ចាប់ផ្តើមនៅ Los Angeles នាថ្ងៃទី១៧ ខែមេសា៕