(មេនឆេស្ទើ)៖ កីឡាករខ្សែការពារស្លាបស្តាំ Antonio Valencia នឹងចាកចេញពីក្លឹបបិសាចក្រហម Manchester United នារដូវក្តៅ ឆ្នាំ២០១៩ ក្រោយកិច្ចសន្យាចាស់បានអស់សុពលភាពនាថ្ងៃសុក្រ ទី០១ ខែមីនា ខណៈដែលរូបគេ បានមកចូលរួមជាមួយក្លឹបនេះតាំងពីឆ្នាំ២០០៩ មក។

កីឡាករប្រធានក្រុម Man Utd សញ្ជាតិអេក្វាទ័រ Valencia មិនត្រូវបានក្លឹបតកិច្ចសន្យាថ្មីឡើយ ក្នុងខណៈដែលរូបគេ កំពុងតែសម្រាកព្យាបាលបញ្ហាក្រលៀននៅប្រទេសកំណើតផងដែរ ដែលទើបបានចូលលេងតែម្តងគត់ ក្នុងជំនួបទល់នឹង Newcastle United កាលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន Ole Gunnar Solskjaer ជំនួសកៅអីគ្រូបង្វឹក Jose Mourinho ដែលត្រូវបានបណ្តេញចេញ។

Man Utd បានសម្រេចបដិសេធកិច្ចសន្យាថ្មីជាមួយកីឡាករវ័យ៣៣ឆ្នាំ Valencia ក្រោយពេលពួកគេបានបន្តកិច្ចសន្យាថ្មីជាមួយខ្សែការពារដូចគ្នា Ashley Young ១ឆ្នាំបន្ថែមទៀត និងទើបទិញបាន កីឡាករមានវ័យ ១៩ឆ្នាំ Diogo Dalot ពីក្លឹប FC Porto ក្នុងតម្លៃ ១៩លានផោន៕