(ភ្នំពេញ)៖ តារាចំរៀងស្រីប្រចាំផលិតកម្មហង្សមាស​ គឺ អ្នកនាងពេជ្រ​ សោភា​ បច្ចុប្បន្ន គេសម្គាល់ឃើញមានប្រជាប្រិយភាព ខណៈជារឿយៗ តែងបញ្ចេញបទចម្រៀងជាច្រើនបទ កំដរអារម្មណ៍អ្នកគាំទ្រ។ ជាក់ស្ដែង​កាលពីពេលថ្មីៗនេះ បានបញ្ចេញនូវបទចំរៀងថ្មី គឺបទ «ឈឺចិត្ត»​ ដែលជាចង្វាក់បែបប្រពៃណី​ សំរាប់ស្វាគមន៍ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ​។

ជាការពិតតារាចម្រៀង ពេជ្រ​ សោភា​ ដែលគ្រប់គ្នាស្គាល់ថា មិនត្រឹមតែជាតារាចម្រៀង មួយរូប មានភាពល្បីល្បាញប៉ុណ្ណោះទេ​ នាងថែមទាំងមានសមត្ថភាព​ និពន្ធបទចំរៀង​ និង​សាច់ភ្លេង បានយ៉ាងល្អ ផងដែរ​។ ជាក់ស្ដែងបទ​ «ឈឺចិត្ត» នេះក៏ជាបទដែលនាង​ និពន្ធដោយខ្លួនឯងផងដែរ​ តែអ្វីដែលប្លែកក្នុងបទ «ឈឺចិត្ត» នេះ​ អ្នកនាងច្រៀងបែប​ រឌឺនៗ លាយជាមួយសាច់ភ្លេងយ៉ាងពិរោះ​ ធ្វើអោយទាក់ទាញយ៉ាងខ្លាំង​។

គួរបញ្ជាក់ផងដែរថា​ ពេជ្រ​ សោភា​ បានចូលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំមកហើយ​។ អ្នកនាង​ ជាតារាចម្រៀងដែលអាចច្រៀងបានគ្រប់ចង្វាក់​ ជាពិសេសគ្រប់បទ ដែលនាងនិពន្ធ តែងតែទទួលបានការគាំទ្រពីសំណាក់យុវវ័យ​ ដូចជាបទ​ «បីឆ្កែចូលរាំ»​ ,«កំលោះស្រុកស្រែ»,​ «What’s your name?», «ឡូយ​ប់លូ» ជាដើម​៕