(ភ្នំពេញ)៖ ផលិតករដឹកនាំសម្ដែង ខ្សែភាពយន្តភាគទ្រង់ទ្រាយធំលើកដំបូង លោក ហ៊ិន អឿន បានអះអាងថា ក្នុងចំណោមភាពយន្តភាគជាច្រើន ដែលលោកដឹកនាំ និងបានដាក់បញ្ចាំងតាមស្ថានីយទូរទស្សន៍នានា មានការគាំទ្រ និងជោគជ័យហើយនោះ ភាពយន្តភាគខ្នាតធំមួយទៀត ដែលជា​ស្នាដៃថ្មី មានចំណងជើងថា «ផ្កាយមារ» ដែលកំពុងត្រៀមដាក់បញ្ចាំង នៅក្នុងស្ថានីយទូរទស្សន៍ CTN ខាងមុខនេះ នឹងមានសន្ទុះនៃការគាំទ្រខ្លាំង លើសពីការរំពឹងទុក ព្រោះតែភាពយន្តទាំងមូល ត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់បំផុត និងចំណាយទុនខ្ពស់ទៀតផង។

វិវឌ្ឍន៍ខ្លួនពីតារាសម្ដែង ​មកក្លាយជាអ្នកដឹកនាំសម្ដែងភាពយន្ត អស់រយៈពេលជាច្រើនឆ្នាំ លោក ហ៊ិន អឿន បានប្រាប់ Fresh News និង Khmer Talking ឲ្យដឹងថា លោកបានប្រឡូក ក្នុងអាជីពជាអ្នកដឹកនាំសម្ដែងរឿង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ​បន្ទាប់ពីលោកក៏ធ្លាប់បានសម្ដែងដោយខ្លួនឯងមកដែរ។ ភាពយន្តភាគដែលលោកធ្លាប់ដឹកនាំសម្ដែង ហើយទទួលបានការគាំទ្រ និងជោគជ័យ មានដូចជារឿង «ភក្ដីស្នេហ៍ឆ្លងភព», រឿង «កន្ទោងខៀវ», រឿង«កំហឹងអ្នកស្រុក»,​ រឿង «ចិត្តស្អប់បង្កប់ស្នេហ៍»​ និងរឿងជាច្រើនទៀត មិនក្រោម១០រឿងនោះទេ ដែលបានដាក់បញ្ចាំង តាមស្ថានីយទូរទស្សន៍នានា។

ដោយឡែកសម្រាប់ភាពយន្តរឿង «ផ្កាយមារ» ដែលជាស្នាដៃដឹកនាំសម្ដែងរបស់លោក និងកំពុងតែត្រៀមបញ្ចាំង នៅក្នុងស្ថានីយទូរទស្សន៍ CTN ខាងមុខនេះ លោករំពឹងយ៉ាងមុតមាំថា នឹងទទួលបានការគាំទ្រខ្លាំង ខណៈដែលទាំងតួសម្ដែង ទីតាំងថត បច្ចេកទេស កាមេរ៉ា និងការៀបចំប្លង់ផ្សេងៗ គឺត្រូវបានសម្រិតសម្រាំងឡើង ​យ៉ាងពិសេសបំផុត ពោលគឺមានប្លង់ខ្លះ​មានតារាសម្ដែង និងអ្នក​ថតទាំងអស់ រហូតដល់ទៅ១០០​នាក់ក៏មានដែរ។ លោកបន្តថា តាំងពីលោកចេះដឹកនាំសម្ដែងរឿងមក គឺមានតែរឿង «ផ្កាយមារ» មួយនេះទេ ដែលបានចំណាយទុនផលិតអស់ច្រើនជាងគេ មានប្លង់ធំៗ ព្រោះដើម្បីឲ្យភាពយន្តភាគមួយនេះ មានគុណភាពល្អ ឆ្លើយតបតាមការចង់បានរបស់មហាជន អ្នកទស្សនា។

អ្នកដឹកនាំសម្ដែង លោក ហ៊ិន អឿន បានបន្តឲ្យដឹងទៀតថា ភាពយន្តភាគរឿង ​«ផ្កាយមារ» ត្រូវបានលោកជ្រើសរើសតួសម្ដែងល្បីៗ ដើម្បីឲ្យស័ក្តិសមនឹងសាច់រឿងទាំងមូល ក្នុងនោះមានដូចជាលោក ទេព រិន្ទដារ៉ូ, តួឯកប្រុសលោក ញ៉ែម សុគន្ធ, តួឯកស្រី កញ្ញា ម៉ាក សែន​សូនីតា, នាង មាស សម្ផស្ស និងតារាល្បីៗប្រុសស្រីជាច្រើនដួងទៀត។ រឿងភាគនេះ ជាប្រភេទរឿងបែបបុរាណ ឆ្លុះបញ្ចាំងពីការតស៊ូក្នុងជីវិត ស្នេហាស្មោះ ការជ្រៀតជ្រែងឈ្នានីសគ្នា និងការលះបង់ខ្ពស់ចំពោះស្នេហា រហូតទទួលបានជោគជ័យ​ របស់តួអង្គទាំងពីរ។

សូមបញ្ជាក់ថា ភាពយន្តភាគរឿង «ផ្កាយមារ» នឹងធ្វើការដាក់បញ្ចាំង នៅក្នុង​ស្ថានីយទូរទស្សន៍ CTN នៅដើមខែមីនា ឆ្នាំ២០១៩នេះ ចាប់តាំងពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង៧៖០០នាទីយប់ ដល់ម៉ោង៨៖០០នាទីយប់ បន្ទាប់ពីបានបើកសម្ពោធ កាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅរោងភាពយន្ត Eden Garden បឹងកក់​ រួចមក៕