(ភ្នំពេញ)៖ ផលិតកម្ម «មរតកមេឌៀ»​ បានប្រកាសថា ខ្លួនសម្ដែងក្ដីរំពឹងខ្ពស់ ចំពោះចង្វាក់កន្ទ្រឹមខ្មែរសុរិន្ទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ បន្ទាប់ពីផលិតកម្មរបស់ខ្លួន បានបញ្ចេញបទចម្រៀងយ៉ាងច្រើន សន្ធឹកសន្ធាប់ដែលមានប្រមាណរហូតជិត៥០បទ។ អ្វីដែលជាសក្ខីភាពជាក់ស្ដែង នៅពេលនេះ គឺផលិតកម្មបានបញ្ចេញចម្រៀងចំនួន៣បទ ចង្វាក់រាំវង់ និងបទកន្ទ្រឹម ដើម្បីប្រកួតប្រជែងទីផ្សារចម្រៀង ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។ ថ្មីៗនេះមរតកមេឌៀ បានប្រកាសពីវត្តមានតារាចម្រៀងប្រុស​ស្រីខ្មែរសុរិន្ទ៣នាក់ គឺកញ្ញា មន្ត្រា លោក សុងសែង និងលោកដាកា ជាដើមជាមួយនឹងការ​ប្រកាសបញ្ចេញបទចម្រៀង បែបកន្ទ្រឹមដ៏ពេញនិយមពីរោះៗ ប្រមាណជិត៥០បទ។

ការប្រកាសនេះក៏ធ្វើឡើង ស្របពេលដែលផលិតកម្មនេះ បានប្រមូលយកតារាចម្រៀងមានសំនៀងពីរោះ មិនទាន់មានផលិតកម្មច្បាស់លាស់ មករួមគ្នាជាចង្កោមតែមួយ បង្កើតឲ្យមានរសជាតិនៃស្នាដៃ និងទៀតដមសំនៀងប្លែក។ បើទោះបីជាបញ្ចេញបទចម្រៀងច្រើនក៏ពិតមែន ប៉ុន្តែផលិតកម្មនេះនៅតែបន្តរក្សាស្នាដៃមរតកដើម និងបង្កើតរសជាតិនៃបទចម្រៀងថ្មី និងមិនមានបំណងប្រកួតប្រជែង ជាមួយផលិតកម្មធំៗនោះទេ។

លោក សុខ លីមរក្សា អ្នកគ្រប់គ្រងទូទៅនៅផលិតកម្មនេះបានបញ្ជាក់ថា បទកន្ទ្រឹមទាំង៤៨បទ របស់អ្នកចម្រៀងក្នុងផលិតកម្ម បាននឹងកំពុងចេញបណ្តើរ ហើយទទួលបានការកោតសរសើរច្រើន បើទោះបីជាធៀបនឹងបទបែបបែកស្លុយមិនបានក៏ដោយ។ ​បទបែបនេះនឹងនៅតែបន្តរក្សាបាន ការពេញចិត្តសម្រាប់មហាជន ពិសេសសម្រាប់ការរាំលេងកម្សាន្ត។ ក្រៅពីបទបែបកន្ទ្រឹមសម្រាប់រាំកម្សាន្ត ផលិតកម្មក៏នឹងបញ្ចេញបទចម្រៀងជាច្រើនទៀត ដែលជាការផលិតថ្មី និងបទចម្រៀងមរតកដើមផងដែរ។ ​ទាំងបទចម្រៀង ជាសាច់ភ្លេង និងជា MV បានបញ្ចប់ការផលិតហើយ ដែលសរុបមានរហូតដល់ជាង៦០បទ គឺមានទាំងថតនៅ​កម្ពុជា និងនៅតំបន់មួយចំនួននៃខេត្តសុរិន្ទ។

លោករំពឹងដែរថាស្នាដៃផលិត និងច្រៀងរបស់តារាចម្រៀងខ្មែរ និងខ្មែរសុរិន្ទនឹងបន្តទទួលបានការគាំទ្រច្រើនពីទស្សនិកជន និងត្រូវបានគេយកទៅចាក់រាំកម្សាន្ត ក្នុងកម្មវិធីជួបជុំនានា នៅមុនពេល និងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕