(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Heung-Min Son បានទទួលពានក្នុងនាមជាកីឡាករលេងល្អប្រចាំឆ្នាំនៃក្របខណ្ឌ Premier League របស់ចក្រភពអង់គ្លេស នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ London Football Awards 2019។

Son បច្ចុប្បន្នបានបង្ហាញទម្រង់លេងយ៉ាងល្អខ្លាំងនៅក្នុងរដូវកាលនេះ ដោយរូបគេរកបាន ១៦គ្រាប់ក្នុងការបង្ហាញខ្លួន ៣៤ប្រកួតឲ្យក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក្រោមការដឹកនាំរបស់លោក Mauricio Pochettino។

ខ្សែប្រយុទ្ធរូបនេះ បានជួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង ឈ្នះមេដាយមាសក្នុងការប្រកួត Asian Games 2018 ក្រៅពីបានរួមចំណែកយ៉ាងខ្លាំងក្នុងការជួយក្រុម Spurs កាន់តែប្រកៀកក្នុងការឈានទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Champions League រដូវកាលឆ្នាំ២០១៨-២០១៩ បន្ទាប់ពីស៊ុត ១គ្រាប់ ក្នុងជ័យជម្នះ ៣-០ ទល់នឹងក្រុមអាល្លឺម៉ង់ Borussia Dortmund ក្នុងជើងទី១ នៃវគ្គ១៦ក្រុមចុងក្រោយនៅកីឡដ្ឋាន Wembley៕