(ភ្នំពេញ)៖ ព្រឹត្តិការណ៍បវរកញ្ញាឯកភពផែនដីអន្តរជាតិ ឆ្នាំ២០១៩ «Miss planet International 2019» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានឈានចូលមកដល់វគ្គ Semi Final ហើយ នាយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ខណៈបេក្ខនារី​តំណាងឲ្យប្រទេសកម្ពុជា គឺកញ្ញា រីចំណាន កល្យាណ បានបង្ហាញក្ដីរំពឹង និងការតាំងចិត្តខ្ពស់ ដើម្បីពុះពារយក​ជ័យ​លាភីគ្រងមកុដ ក្នុងកម្មវិធីលំដាប់អន្តរជាតិនេះឲ្យបាន។

កញ្ញា រីចំណាន កល្យាណ បានថ្លែងឲ្យដឹងថា នាងបានតាំងចិត្តខ្ពស់ និងខិតខំពុះពារគ្រប់បែបយ៉ាង ដើម្បីប្រជែងយកជ័យជំនះ ខណៈដែលបវរកញ្ញាឯកមកពីបណ្ដាប្រទេសចំនួន៣៣ ផ្សេងទៀត ក៏បានបង្ហាញការតាំងចិត្តដូចៗគ្នា។ នាងបន្តថា នាងបានត្រៀមរួចរាល់សម្រាប់ការឆ្លើយសំណួរ ដោយផ្ដោតសំខាន់លើចំណេះដឹងទូទៅ ភាសាអង់គ្លេស និងត្រូវឆ្លងកាត់ឧបសគ្គជាច្រើន ដែលត្រូវជំនះឲ្យបាន។

ស្រីស្រស់ រីចំណាន កល្យាណ គឺជាបេក្ខភាពតំណាង ឲ្យប្រទេសកម្ពជា ក្រោយពីកញ្ញាបានជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធី បវរកញ្ញាឯកភពផែនដីកម្ពុជាឆ្នាំ២០១៩ (Miss planet International 2019)។

សូមជម្រាបថា បវរកញ្ញាឯកប្រមាណជា៣៤ប្រទេស មកពីគ្រប់តំបន់ជុំវិញពិភពលោក បាននឹងកំពុងបំពេញបេសកកម្មនាទីក្រុងភ្នំពេញ បេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ ការគ្រងមកុដរាជនី សម្រស់លើកដំបូង ក្នុងកម្មវិធីបវរកញ្ញា ឯកភពផែនដីអន្តរជាតិ ឆ្នាំ២០១៩ «Miss planet International 2019»។

លោកស្រី ម៉ីន ហាលីម៉ាស់ អគ្គនាយិកា ក្រុមហ៊ុន មីស ផ្លេនិត អ៉ិនធឺណេសិនណល និងជាអ្នករៀបចំកម្មវិធី បវរកញ្ញា ឯកភពផែនដីអន្តរជាតិ ឆ្នាំ២០១៩ «Miss planet International 2019» បានអោយដឹងថា ឆ្នាំនះគឺជាឆ្នាំដំបូង ដែលយើងបាននាំយក នូវព្រឹត្តិការណ៍ ប្រកួតប្រជែង សម្រស់ថ្នាក់ថ្មីមួយ មកកាន់ប្រទេសកម្ពុជា ក្រោមការចូលរួមគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេចរណ៍ និង​ក្រសួងបរិស្ថាន។

លោកស្រីបន្ថែមថា គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង ដើម្បីផ្សព្វផ្សាយអំពីសិល្បៈ វប្បធម៌ ប្រពៃណីជាតិ បរិស្ថានធម្មជាតិ ទេសចរណ៍ និងលើកកម្ពស់ កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ តាមរយះការផ្លាស់ប្តូរនូវបទពិសោធន៍ ពីគ្នាទៅវិញទៅមក រវាងបវរកញ្ញាឯកភពផែនដី ប្រចាំប្រទេសនីមួយៗទាំងជា៣៤ ក្នុងព្រឹត្តិការណ៍នេះ។

លោកស្រីបន្តថា ក្រៅពីវិស័យរដ្ឋ វិស័យឯកជន ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្រថវិកា និងធនធានផ្សេងៗផង ហើយលោកស្រីសង្ឃឹមថា កម្មវិធី បរវកញ្ញា​ឯកភពផែនដីអន្តរជាតិ ឆ្នាំ២០១៩ «Miss planet International 2019»នេះ នឹងមានវត្តនៅឆ្នាំក្រោយៗទៀត។

កម្មវិធីបវរកញ្ញាឯកភពផែនដីអន្តរជាតិ ឆ្នាំ២០១៩ «Miss planet International 2019» នឹងចាប់ផ្តើមប្រកួតប្រជែងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ តទៅ ហើយវគ្គផ្តាច់ព្រ័ត្រ នឹងព្រព្រឹត្តទៅនាថ្ងៃ០១ ខែមិនា ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ ចាប់ពីម៉ោង៧យប់តទៅ៕