(បាសេឡូណា)៖ រថយន្តម៉ាក Farrari ដែលបើកបរដោយកីឡាករ Sebastian Vettel បានមានបញ្ហាម៉ាស៊ីន និងជ្រុល ទៅបុករបង នៅអំឡុងប្រណាំងសាកល្បងនៃព្រឹត្តិការណ៍ Formula 1 ឆ្នាំ២០១៩ ដែលត្រូវបានធ្វើឡើងនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញក្នុងវគ្គផ្តាច់ព្រ័ត្រថ្ងៃទី២។

តាមរយៈសារព័ត៌មាន BBC របស់អង់គ្លេសបានចេញផ្សាយថា កីឡាករអាល្លឺម៉ង់ Vettel បានបាត់បង់ការគ្រប់គ្រងនៅ អំឡុងប្រកួតក្នុងខណៈដែលក្រុមការងារបានអះអាងថា «រថយន្តមានបញ្ហាម៉ាស៊ីន» ក្នុងខណៈកំពុងមានល្បឿនផងនោះ។

កីឡាករអាល្លឺម៉ង់ Vettel បានថ្លែងក្រោយកើតហេតុថា រូបលោកបានបាត់បង់ការគ្រប់គ្រង មុនពេលរថយន្តបានជ្រុល ទៅបុកនឹងរបងផ្នែកកែងខាងឆ្វេងនៃរថយន្តជិតដល់ទី តែមិនបណ្តាលឲ្យរូបលោកមានបញ្ហារបួសឡើយ។

ការប្រណាំងសាកល្បងក្នុងថ្ងៃទី២ នៃវគ្គផ្តាច់ព្រ័ត្រត្រូវបានបញ្ចប់ស្ថាពរ ស្របពេល Sebastian Vettel ឈរនៅចំណាត់ថ្នាក់លេខ៣ Sergio Perez របស់ម៉ិចសិច ជាប់លេខ២ និងកីឡាករ Carlos Sainz របស់អេស្ប៉ាញ ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមកីឡាករ ១២រូបដែលចូលរួម៕