(ភ្នំពេញ)៖ តារាចម្រៀងកំពុងតែល្បីល្បាញខ្លាំង ក្នុងស្រទាប់យុវវ័យ ជាពិសេសតាមរយៈបទ «ម៉ាប់ៗ» កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហើបឲ្យដឹងពីចង់លូកដៃបោះទុនចូលទៅក្នុង វិស័យអចលនទ្រព្យ ប៉ុន្តែមិនមែនទិញលក់ដីឡូតិ៍ ដូចតារាមួយចំនួននោះទេ ពោលគឺនាងទិញដីជាចម្ការតែម្ដង ដែលការបង្ហាញគម្រោងបែបនេះ ត្រូវបានគេមើលឃើញថា មានអ្នកសិល្បៈល្បីៗច្រើនរូបមកហើយ បានងាកទៅរកជំនួញដីធ្លី ពោលគឺវិស័យអចលនទ្រព្យ បន្ទាប់ពីការងារសិល្បៈរបស់ពួកគេ ទទួលបានជោគជ័យ។

តារាចម្រៀង ឱក សុគន្ធកញ្ញា បានថ្លែងប្រាប់ Fresh News និង Khmer Tallking ថា ក្រោយពេលបានចូលរួម ក្នុងពិធីប្រកាសលក់ចម្ការរបស់គម្រោង «ឋានព្រះឥន្ទ​» រួចមក បានធ្វើឲ្យនាងចាប់អារម្មណ៍តែម្ដង ដោយក្នុងចំណោមប្រភេទចម្ការទាំងអស់ គឺនាងពេញចិត្តគម្រោងចម្ការធុរ៉េន និងខេត្តកំពត។ នៅក្នុងពិធីនោះ នាងថាខ្លួនទទួលបានតម្លៃខ្លួនខ្ពស់ ទើបនាងនៅកំដរពិធីតាំងពីព្រលប់ រហូតដល់ចាប់រង្វាន់ធំហើយ ហើយថែមទាំងបកស្រាយបទចម្រៀងច្រើនបទ ធ្វើឲ្យពិធីទាំងមូលកញ្ជ្រោលខ្លាំង។

​ឱក សុគន្ធកញ្ញា បាននិយាយប្រាប់បន្តថា នាងមិនធ្លាប់បានឮគម្រោងពុះដីឡូតិ៍ណា ដែលលក់ជាចម្ការមួយហិកតាៗ ហើយក្រុមហ៊ុន មានទាំងសេវាបង់រំលោះ និងសេវាថែទាំងដំណាំឲ្យរហូតដល់បានផល ហើយជាប្រភេទដីចម្ការ ដែលមានប្លង់កម្មសិទ្ធិ បែបនេះនោះទេ ទើបនាងយល់ថា នាងនឹងសិក្សាទិញចម្ការធុរ៉េន ពីក្រុមហ៊ុននេះឲ្យបានមួយចំនួន អាស្រ័យទៅតាមការចង់បានជាក់ស្ដែង។ នាងថា ខ្លួនចង់បានដីចម្ការធុរ៉េបែបនេះជាយូរមកហើយ ប៉ុន្តែបណ្ដាលមកពីខ្វះអ្នកមើលថែទាំដំណាំ និងមិនចង់ចំណាយថវិកា ទាំងដុលតែម្ដង ទើបនាងចេះតែឃ្វាងៗរឿងទិញចម្ការ​។​

ដោយឡែក លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោង និងជាប្រធានគម្រោងឈ្មោះ «ឋានព្រះឥន្ទ» បានអះអាងថា រយៈពេលច្រើនឆ្នាំមកហើយ ដែលក្រុមហ៊ុនរបស់លោកសម្ងំ ទិញបានចម្ការអ្នកស្រី រហូតដល់រាប់ពាន់ហិកតា​ នៅខេត្តមណ្ឌលគីរី រតនៈគីរី កំពត និង​ពោធិសាត់ជាដើម ហើយបានវិនិយោគ ដាំជាដំណាំផ្សេងអាស្រ័យ ទៅតាមសណ្ឋានដី។ ប៉ុន្តែដោយសារក្រុមហ៊ុនយល់ថា បើក្រុមហ៊ុនបន្តវិនិយោគដំណាំធុរ៉េន ដូងក្រអូប និងប័រ តែម្នាក់ឯងរបៀបនេះ គឺនៅថ្ងៃណាមួយពិតជា​មានហានិភ័យ​ អ៊ីចឹងហើយទើបក្រុមហ៊ុន​ សម្រេចពុះដីចម្ការដែលខ្លួនទិញ បានរហូតដល់រាប់ពាន់ហិកតា​នោះ ជាឡូតិ៍តូចៗវិញ ដោយក្នុងឡូតិ៍មានទំហំ១ហិកតាៗ ហើយលក់បង់រំលោះ ដើម្បីឲ្យមានការចូលរួមវិនិយោគ ដើម្បីបន្ថយបន្ទុករបស់ក្រុមហ៊ុន។

ប៉ុន្តែក្រុមហ៊ុននៅតែបន្តផ្ដល់ជូននូវពូជដំណាំ និងការថែទាំដោយបុគ្គលិកជំនាញ រហូតដល់៤ឆ្នាំ ឬ៦ឆ្នាំ ដែលជារយៈពេលឲ្យបង់រំលោះនោះ ដើម្បីឲ្យចម្ការទាំងឡាយ នៅតែមានដំណាំចេញផ្លែចេញផ្កា ងាយស្រួលអោយក្រុមហ៊ុនទទួលទិញផល។ ​គម្រោងដីចម្ការពុះឡូតិ៍របស់ខ្លួន មានតម្លៃពី១៤០០០រហូតដល់ជាង៤ម៉ឺន ក្នុងមួយហិកតា​ ដោយនៅទឹកដីខេត្តមណ្ឌលគីរី គឺជាចម្ការប៊័រ នៅកំពតជាចម្ការធុរ៉េន និងនៅខេត្តពោធិ៍សាត់ គឺជាចម្ការដូងក្រអូប។ ក្នុងនោះក្រុមហ៊ុនក៏ នឹងពុះលកក់ចម្ការក្រូច និងចម្ការឫស្សី ជាហិកតា​ៗឲ្យបង់រំលោះបែបនេះ ក្នុងពេលខាងមុខផងដែរ៕