(ភ្នំពេញ)៖ ជាការកត់សម្គាល់ ពិធីករប្រុសរូបសង្ហា​ ដែលទស្សនិកជនតែងតែឃើញមុខក្នុងកញ្ចក់ទូរទស្សន៍ MY TV គឺ វីជេរតនា បច្ចុប្បន្នហាក់​បាត់មុខឈឹងតែម្ដង ពីការងារជាពិធីករ ក្នុងកម្មវិធីកំសាន្ត របស់ស្ថានីយទូរទស្សន៍។ ការបាត់វត្តមានសូន្យឈឹងនេះ ត្រូវបានអ្នកតាមដានសិល្បៈមើលឃើញថា តារាប្រុសរូបនេះកំពុងរវល់នឹងជំនួញ បីបួន​នៅក្នុងដៃ ភ្លេចការងារសិល្បបាត់ទៅហើយ។ តែយ៉ាងណា លោកមិនបានផ្ដាច់ខ្លួនពីសិល្បៈនោះឡើយ គឺនៅតែបានបង្ហាញខ្លួនចូលរួម ក្នុងកម្មវិធីរបស់តារាសិល្បៈ ចូលរួមពិធីមង្គលការ ឬជប់លៀងផ្សេងៗជាដើម។

បើយោងតាមប្រភព ពីអ្នកជិតស្និទ្ធនឹងតារាប្រុសរូបនេះ បានអះអាងថា វីជេរតនា ចាប់តាំងពីរៀបការជាមួយភរិយា មានមុខជំនួញក្នុងដៃហើយ រូបលោកបច្ចុប្បន្ន ក៏មិនខុសពីអ្នកជំនួញធំដុំមួយរូបនោះទេ ពោលបានគ្រប់គ្រងមុខជំនួញជាច្រើនក្នុងដៃ បន្ទាប់ពីការងារជាពិធីករ។ ក្នុងនោះលោកត្រូវ គេឃើញថា មានបើកជំនួញការ៉ាស់សាំងផ្ទាល់ខ្លួន​ ដ៏ធំមួយកន្លែង ម្តុំមាត់ច្រកផ្សារចាក់អង្រែ ហើយក៏មានមុខជំនួញ នាំចូលរថយន្តមកពីប្រទេសក្រៅ មកលក់ឱ្យតាមការ៉ាសលក់ឡាន និងលក់ផ្ទាល់ខ្លួនផងដែរ។

ប្រភពដដែលបានបន្តថា វីជេរតនា នឹងមិនត្រឡប់ទៅរកអាជីពពិធីករវិញទេ ព្រោះលោកបានបោះទុនរាប់សែនដុល្លារ ក្នុងមុខជំនួញ មិនតែប៉ុណ្ណោះ​ត្រូវចំណាយពេលវេលា ដើម្បីពង្រឹងជំនួញឲ្យរឹងមាំទផតផង។ ងាកមករកភរិយាលោកវិញ ក៏មិនធម្មតាដែរ ព្រោះភរិយាលោក គឺអ្នកនាង លីហ្សា គឺជាំអ្នកនាំចូលផលិតផលថែរក្សាសម្រស់ មកពីក្រៅប្រទេស ដែលរកចំណូលបានច្រើនពាន់ដុល្លារក្នុងមួយខែ។ អ្នកសិល្បៈភាគច្រើននិយាយថា លោក វីជេរតនា ជោគជ័យមុខជំនួញខ្លាំងណាស់ ដោយលោកមិនខុសពីសេដ្ឋីវ័យក្មេងនោះទេ ដោយល្បីថា គ្រួសាររបស់លោកនឹងទិញងារឧកញ៉ាឲ្យលោក ដើម្បីឲ្យលោកកាន់តែងាយស្រួល ធ្វើជំនួញបន្ថែមទៀត។

ទន្ទឹមនឹងជោគជ័យផ្នែកជំនួញនេះ វីជេរតនា ត្រូវមហាជនសរសើរថា ជាអតីតពិធីករមួយរូប ដែលក្រៅពីឡើងកាលីបផ្នែកជីវភាពក្រោយរៀបការ ក៏មានសុភមង្គលជាមួយភរិយាគួរឲ្យសរសើរផងដែរ ខណៈដែលលោកទើបតែត្រូវបានគេសរសើរថា ជាស្វាមីល្អ ចេះឲ្យតម្លៃភរិយា ដែលខុសពីបុរសមួយចំនួន ដែលក្រោយពេលបើកជំនួញហើយ កាន់ប្រាក់ម៉ឺនដុល្លារក្នុងដៃ។

វីជេរតនា ​និយាយ​​ថា «មានគេសួរខ្ញុំថា រតនា ហេតុអីបានខ្លាចប្រពន្ធម៉េស? ខ្ញុំឆ្លើយថាខ្ញុំមិនដែរខ្លាចប្រពន្ធទេ ខ្ញុំមានតែគោរពប្រពន្ធ (លើលោកនេះគ្មានមនុស្សប្រុសណាខ្លាចប្រពន្ធទេ មានតែគោរពប្រពន្ធ) គេសួរបន្តទៀតថា ហេតុអីរតនា ឯងឃើញចាញ់ប្រពន្ធគ្រប់រឿងចឹង? ខ្ញុំឆ្លើយថា បើតាំងខ្លួនជាប្ដីគេហើយ បើចង់យកចាញ់យកឈ្នះជាមួយ ប្រពន្ធតើវាបានផលប្រយោជន៍អី? លើលោកនេះខ្ញុំមិនដែលចាញ់អ្នកណាទេ តែខ្ញុំសុំចាញ់ប្រពន្ធខ្ញុំមួយ»​។​ សារបែបនេះ បង្ហាញយ៉ាងច្បាស់ថាលោក និងភរិយា ស្ថិតក្នុងភាពល្អូកល្អិនគ្នាខ្លាំង ស្ទើរមិនគួរឲ្យជឿ៕