(កូរ៉េ)៖ ក្រោយពីភ្នាក់ងាររបស់ Seungri ធ្វើការបដិសេធភ្លាមៗពាក់ព័ន្ធនឹងរបាយការណ៍របស់ SBS funE ថាក្លែងក្លាយ ពេលនេះអ្នករាយការណ៍ព័ត៌មានរបស់ SBS funE បានចេញមុខប្រតិកម្មតបវិញថា YG កំពុងព្យាយាមកុហកមហាជន ព្រោះតែចង់បិទបាំងរឿងអាស្រូវរបស់តារាចម្រៀងរបស់ខ្លួន។

ថ្មីៗនេះ Seungri សមាជិកក្រុម BIGBANG កំពុងរងការចោទប្រកាន់ថា ជាអ្នកនាំស្ត្រីរកស៊ីផ្លូវភេទទៅឲ្យអ្នកប្រតិបត្តិការជាន់ខ្ពស់ និងវិនិយោគទុនបរទេស។ Kang ជាអ្នកចេញផ្សាយអត្ថបទសារឆ្លើយឆ្លងគ្នារវាង Seungri ជាមួយអ្នករួមការងារ។ បន្ទាប់ពី​ដំណឹងដ៏រសើបនេះបានបែកធ្លាយ YG Entertainment បានច្រានចោលការចោទប្រកាន់នេះភ្លាមៗ ដោយអះអាងថា «វាជារបាយការណ៍មិនពិតហើយ អត្ថបទសារឆ្លើយឆ្លងនោះគឺជាការប្រឌិតទាំងស្រុង»

ជាថ្មីម្តងទៀត Kang បានបញ្ជាក់ថា អត្ថបទសារឆ្លើយឆ្លងនេះមិនមែនជាការប្រឌិតទេ ដោយអ្នករាយការណ៍ព័ត៌មានរូបនេះអះអាងថា គ្មាន​ហេតុផលណា​ដែលគេត្រូវប្រឌិត ឬកែសម្រួលសារដែលបានចេញផ្សាយឡើយ។ បន្ទាប់ពីភាគីទាំងពីរចេញមុខបដិសេធរៀងៗខ្លួន ពេលនេះប៉ូលីសបានចាប់ផ្តើមធ្វើការស៊ើបអង្កេតយ៉ាងពេញលេញទៅលើ Seungri និងអាជីវកម្មរបស់តារាប្រុសរូបនេះហើយ៕