(កូរ៉េ)៖ តារាចម្រៀងនិងសម្តែង Kim Jung Hoon ត្រូវបានគេរាយការណ៍ថា ពេលនេះរូបលោកត្រូវបានអតីតមិត្តស្រីកំពុងដាក់ពាក្យប្តឹងហើយ។ កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ របាយការណ៍បានបង្ហាញថា អតីតមិត្តស្រីរបស់ Kim Jung Hoon បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរូបលោក ទៅកាន់តុលាការក្រុងសេអ៊ូលនៅថ្ងៃទី២១ ខែកុម្ភៈ។

តាមរយៈការលើកឡើងរបស់ អតីតមិត្តស្រីរបស់តារាប្រុសរូបនេះបានឲ្យដឹងថា ទំនាក់ទំនងរបស់នាងនិង Kim Jung Hoon ហាក់ដូចជារង្គោះរង្គើ នៅពេលដែលនាងមានផ្ទៃពោះ ហើយតារាប្រុសរូបនេះបានប្រាប់នាងឲ្យរំលូតកូនចេញ ក្រោយមកនាងបានចាកចេញពីផ្ទះជួល។ នាងមាន​បំណងចង់វិលត្រឡប់ទៅរស់នៅផ្ទះឪពុកម្តាយរបស់នាងវិញ ប៉ុន្តែ Kim Jung Hoon សន្យារកផ្ទះជួលឲ្យនាងរស់នៅ ដោយព្រមចំណាយប្រាក់ចំនួន ១០លានវ៉ុន (៨៩៤៧.៨០ដុល្លារ) និងថ្លៃជួលប្រចាំខែ។ ទីបំផុតតារាប្រុសរូបនេះបែរជាផ្តាច់ទំនាក់ទំនងជាមួយនាង បន្ទាប់ពីបានចំណាយប្រាក់ត្រឹមតែ ១លានវ៉ុន (៨៩៤.៨១ដុល្លារ) ប៉ុណ្ណោះ។

បច្ចុប្បន្នអតីតមិត្តស្រីបានដាក់ពាក្យប្តឹងទាមទារសំណងទឹកប្រាក់ចំនួន ៩លានវ៉ុន (៨០៥៣.៣៤ដុល្លារ) ពី Kim Jung Hoon ខណៈដែល Creative Wang ភ្នាក់ងាររបស់តារាប្រុសរូបនេះអះអាងថា មិនបានដឹងរឿងនេះឡើយ៕