(បរទេស)៖ កីឡាករប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោក Tyson Fury បានប្រកាសដកខ្លួនពីការចរចាជួបគ្នាលើកទី២ ទល់នឹងគូប្រជែង Deontay Wilder ដោយសារកីឡាកររូបនេះ (Wilder) ប្រើពាក្យអសុរ «m********a» នៅលើបណ្តាញសង្គម Twitter។

តាមរយៈសារព័ត៌មាន Dailymail ដែលបានធ្វើការដកស្រង់របាយការណ៍របស់ស្ថាប័ន WBC កាលពីថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ថា តាមពិតជំនួបលើកទី២ រវាងម្ចាស់ខ្សែក្រវាត់ពិភពលោក WBC, Fury ទល់នឹង Wilder អាចនឹងកើតមាននៅក្នុងខែសិសិររដូវ (រដូវស្លឹកឈើជ្រុះ) ដើម្បីស្វែងរកអ្នកឈ្នះ-ចាញ់ពិតប្រាកដ ក្រោយពេលពួកគេបានប្រកួតស្មើគ្នាកាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ នៅសង្វៀនស្ថិតនៅសហរដ្ឋអាមេរិក។

ការចរចាសម្រាប់ជំនួបលើកទី២ឡើងវិញ ត្រូវបានអូសបន្លាយពេលវេលាជិត ៣ខែមកហើយ ខណៈ Fury បានចុះកិច្ចព្រមព្រៀងជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក Top Rank នៅលើកញ្ចក់ទូរទស្សន៍ ESPN ដែលមានតម្លៃ ១០៦លានដុល្លារសហរដ្ឋអាមេរិក រួចរាល់ផងដែរកាលពីសប្តាហ៍មុន។

កីឡាករជើងខ្លាំងអាមេរិក Wilder បានខឹងក្រោដជាខ្លាំង រហូតដល់ឆ្លើយតបសារអសុរស (Muthafucka) បន្ទាប់ពីកីឡាករអង់គ្លេស Tyson Fury សរសេរសារបង្ហោះនៅលើ Twitter ក្នុងន័យបញ្ឆិតបញ្ឆៀងថា រូបគេនឹងជួបជើងខ្លាំងលំដាប់ពិភពលោកផ្សេងទៀត ដែលមិនមែនជា Wilder៕