(ភ្នំពេញ)៖ ពិតជាមានអត្ថន័យចាក់ដោតចំបេះដូងរបស់មហាជន ខណៈដែលតារាចម្រៀងប្រុសរូបសង្ហាលោក ជុំ លីណូ ថ្មីៗនេះបានទម្លាយផ្សព្វផ្សាយជាផ្លូវការនូវបទចម្រៀងរបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូបធ្វើឲ្យទស្សនិកជនជាច្រើនបង្ហាញការគាំទ្រ និងចាប់អារម្មណ៍ខ្លាំងលើការនិពន្ធអត្ថន័យរៀបរាប់ពីបញ្ហាសង្គមយុវវ័យ ដែលប្រើប្រាស់គ្រឿងញៀន ស្របពេលមានការបង្រ្កាបកន្លែងគ្រឿងញៀនធំមួយកន្លែងនៅភ្នំពេញថ្មីៗនេះ។

តាមរយៈបទចម្រៀងរបស់លោក ជុំ លីណូ ដែលកំពុងតែទទួលបានការគាំទ្រពីមហាជននេះ គឺមានចំណងជើងថា «ទឹកភ្នែកម្តាយលើខ្នោះដៃកូន»។ បទនេះមានអត្ថន័យច្រៀងរៀបរាប់ឆ្លុះបញ្ចាងអំពីបញ្ហាគ្រឿងញៀន ដែលយុវវ័យមួយចំនួនបាននឹងកំពុងភ្លើតភ្លើនសប្បាយ ភ្លេចការសិក្សា និងមិនស្តាប់តាមបង្គាប់របស់ឪពុកម្តាយ។

ជាការពិតណាស់បទចម្រៀងថ្មីរបស់លោក ជុំ លីណូ ខាងលើនេះ បានបញ្ចេញផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូភ្លាមៗ ក្រោយពេលដែលផ្ទុះនូវរឿងរ៉ាវអាស្រូវដ៏រសើប នៃការចុះចាប់មនុស្សប្រុស-ស្រីមានជាង ៣០០នាក់ នៅក្លឹបកម្សាន្តរ៉ុកកាលពីប៉ុន្មានថ្ងៃមកនេះ។ ខណៈ​ដែលមានឪពុក-ម្តាយជាច្រើនបាននាំគ្នាទៅឈរមើលកូនៗ យ៉ាងត្រៀបត្រានៅបរិវេទក្រសួងមហាផ្ទៃ។

បើតាមការបញ្ជាក់របស់តារាចម្រៀងលោក ជុំ លីណូ បានឲ្យដឹងថា មូលហេតុដែលលោកច្រៀងបទនេះ គឺដោយសារសង្កេតឃើញថា យុវវ័យខ្មែរមួយចំនួននាពេលបច្ចុប្បន្នកំពុងតែដើរផ្លូវខុស តាមរយៈការប្រើប្រាស់គ្រឿងញៀន បង្កបញ្ហាជាច្រើនដល់សង្គម និងក្រុមគ្រួសារពួកគេ។មិន​តែប៉ុណ្ណោះបញ្ហានេះបានធ្វើឲ្យឪពុក-ម្តាយរបស់ពួកគេ កាន់តែមានការព្រួយបារម្ភលើបញ្ហាមួយនេះ។

លោក ជុំ លីណូ បន្ថែមថា ការទម្លាយបទនេះគឺបានធ្វើឡើងដើម្បីឲ្យទាន់ពេលវេលា ក្រោយពេលមានការចុះចាប់មនុស្សប្រុស-ស្រីជាង ៣០០នាក់ នៅក្លឹបរ៉ុកផងដែរ។ ដើម្បីបានជ្រាបកាន់តែច្បាស់ សូមទស្សនានិងស្តាប់បទចម្រៀង «ទឹកភ្នែកម្តាយលើខ្នោះដៃកូន» ដូចខាងក្រោមនេះ​ទាំងអស់គ្នា៖