(ភ្នំពេញ)៖ ផលិតករ និងជាចាងហ្វាងមាតុចក្រហ្វីលម៍ ហ៊ុយ យ៉ាឡេង និងលោកប្រធានសមាគមន៍ភាពយន្ត ត្រូវបានមានកិត្តិយសចូលធ្វើបទបង្ហាញពីភាពយន្ត ជូនដល់សិស្សសាលាអន្តរទ្វីប រយៈពេល២ថ្ងៃ (នៅថ្ងៃទី២៦ និង២៧ ខែកុម្ភៈ) ពោពេញ​ដោយស្នាមញញឹម ការចែករំលែកពីភាពយន្ត ដោយ លោកព្រហ្មសិលាប្រធានសមាគមភាពយន្ត និងការចែករំលែកបទពិសោធ ពីការផលិតភាពយន្ត និងជីវិតការតស៊ូ និងការផ្តល់នៅទុនគំនិតយ៉ាច្រើន​ ជូនទៅដល់សិស្សានុសិស្សអន្តរទ្វីប ដោយ ហ៊ុយ យ៉ាឡេង។

ការចុះចែករំលែក និងបង្ហាញពីបទពិសោធ​ផលិតភាពយន្ត ពីសំណាក់លោក ហ៊ុយ យ៉ាឡេង នៅពេលនេះ បានធ្វើឲ្យសិស្សទាំងអស់គ្នា សប្បាយរីករាយទះដៃ និងចោទសំណួរយ៉ាងច្រើន ដើម្បីទុកជាមេរៀនជីវិត។ ក្នុងនោះដែរ​ សិស្សទាំងអស់គ្នា បានកោតសរសើរ នៅការខិតខំប្រឹងប្រែងតស៊ូ ផលិតភាពយន្តរបស់ លោក ហ៊ុយ យ៉ាឡេង រហូតដល់នាំរឿងខ្មែរចេញ ទៅក្រៅប្រទេសយ៉ាងច្រើន ក្នុងនោះមានដូចជាប្រទេស ចិន ថៃ ឡាវ ភូមា​ ប្រ៊ុយណេ ម៉ាឡេស៊ី ហើយចុងឆ្នាំ២០១៨ កន្លងទៅនេះ។ លោក ហ៊ុយ យ៉ាឡេង បាននាំភាពយន្តខ្មែរ ទៅចាក់ដល់ប្រទេសបារាំង និងសហរដ្ឋអាមេរិកផងដែរ ដែលធ្វើឲ្យសិស្សទាំងអស់គ្នា កាន់តែពុះកញ្ជ្រោលចង់មើលភាពយន្ត ដែលលោកទើបផលិតថ្មីនេះ ហើយនឹងចាក់បញ្ចាំងនៅ ថ្ងៃទី២៨ខែកុម្ភៈនេះហើយ ដែលជាហេតុធ្វើឲ្យសិស្សទ្រាំ មិនបានសួរសំណួរថា ទិញសំបុត្របានឬនៅលោកគ្រូ?

លោក ហ៊ុយ យ៉ាឡេង បានថ្លែងថា «លោកសូមថ្លែងអំណរគុណដល់លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនា​យកប្រតិបត្តិ​សាលារៀន អន្តរទ្វីប អាមេរិកាំង បានផ្តល់កិត្តិយសដល់រូបខ្ញុំបាទ និងលោកប្រធានសមាគមភាព​យន្ត ឡើងធ្វើបទបង្ហាញពីភាពយន្ត និងបទពិសោធជីវិត នៃការតស៊ូផលិតភាពយន្ត​ អរគុណប្អូនៗទាំងអស់ គ្នាដែលបានប្រឹងស្តាប់ និងសួរសំណួរយ៉ាងច្រើន អរគុណនៅសំណួរដែលតែងសួរនៅពេលចប់ថា អាចទិញសំបុត្របានឬនៅបង​? ចម្លើយតបវិញអាចទិញ បានហើយប្អូនៗ​ហើយនឹងចាក់បញ្ចាំងចាប់ពីស្អែកទី​២៨នេះហើយ​..!»

ដោយសារតែភាពយន្តរឿង «ទារុណកម្មខ្មោច» របស់លោក ហ៊ុយ យ៉ាឡេង មានការគាំទ្រខ្លាំង នៅក្នុងរោងកុនឃើញថា មានការកក់សំបុត្រទុកមុនយ៉ាងច្រើន ព្រោះម្នាក់ៗចង់ទៅមើលថ្ងៃដំបូង ដែលជាថ្ងៃពួកគេទ្រាំចាំយូរមកហើយ ភាពយន្តរឿង «ទារុណកម្មខ្មោច» ក៏មិនខុសពីរឿងមុនៗដែរ គឺតែងតែបានចេញទៅក្រៅស្រុក។ ក្នុងនោះ​ លោក ហ៊ុយ យ៉ាឡេង បានប្រាប់ឲ្យដឹងថា ក្រោយបញ្ចាំងភាបយន្ត នៅក្នុងស្រុកបាន២អាទិត្យ លោកនិងត្រូវយករឿងទៅលក់ នៅក្នុងទីផ្សារលក់ភាពយន្តដ៏ធំនៅហុងកុង ហើយបន្ទាប់មក និងចូលរួមមហោស្រពភាពយន្តនៅម៉ាឡេស៊ី ហើយ​និងទៅសាកល្បងទីផ្សារនៅភូមា និងប្រទេសវៀតណាមផងដែរ។

​ដូច​នេះ ដើម្បីគាំទ្រឲ្យផលិតករម្នាក់នេះ ដែលខិតខំនាំភាពយន្តខ្មែរយើងចេញទៅក្រៅប្រទេស ដោយមិនខ្លាចនឿយហត់។ សូមគាំទ្រទៅទស្សនាភាពយន្តរឿង «ទារុណកម្មខ្មោច» ដែលនិងចាក់បញ្ចាំងនៅស្អែកនេះឲ្យច្រើនកុះករទាំងអស់គ្នា..!៕