(ភ្នំពេញ)៖ អ្នកចាត់ការទូទៅនៃក្លឹបភ្នំពេញក្រោន កែវ សុខង៉ន បានពន្យល់ពីការផ្ទេរកីឡាករខ្សែការពារខ្មែរក្រោម រៀម ស៊ឹង «ដោយសារក្រុម​មានចំណុចខ្វះខាតក្នុងតំបន់ការពារ។ អ៊ីចឹងយើងយកគាត់មក ព្រោះឃើញគាត់មានបទពិសោធន៍ច្រើននៅវៀតណាមផង កាយសម្បទារបស់គាត់ក៏ល្អថែមទៀត។ គុណភាពគាត់ក៏ល្អ អ៊ីចឹងវាត្រូវនឹងគូបដិបក្ខរបស់យើងដែលមានសុទ្ធខ្សែប្រយុទ្ធបរទេស។ ដូច្នេះយកគាត់មក វាធ្វើឲ្យការប្រកួតប្រជែងកាន់តែខ្លាំង»

គួរដឹងដែរថា សមត្ថភាព បទពិសោធនៅក្រៅប្រទេស បូករួមកាយសម្បទាដ៏ល្អ គឺជាកត្តាសំខាន់ដែលភ្នំពេញក្រោនសម្រេចចិត្តផ្ទេរយកខ្សែការពារ រៀម ស៊ឹង ពីក្លឹបគិរីវង់សុខសែនជ័យ មកបំពេញចំណុចខ្វះខាត។ នេះបើតាមការបង្ហើបឲ្យដឹងពីលោក កែវ សុខង៉ន អ្នកចាត់ការក្រុមជើងឯកលីគកម្ពុជា ៦សម័យ។

កីឡាករមានកំណើតនៅខេត្តទឹកខ្មៅខាងលើទើបវិលទៅកាន់ក្រុមមានមូលដ្ឋាននៅខេត្តតាកែវ ប៉ុន្មានខែចុងក្រោយប៉ុណ្ណោះ ដើម្បីត្រៀមលីគកំពូល តែបានសម្រេចចិត្តចូលរួមជាមួយក្រុមលោក Leonardo Vitorino វិញកាលថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ។

រៀម ស៊ឹង ធ្លាប់ចំណាយពេលពីចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ នៅគិរីវង់សុខសែនជ័យ មុនចូលរួមជាមួយ Dong Thap នៅក្របខណ្ឌបាល់ទាត់វៀតណាម នាដើមឆ្នាំ២០១៦។ កីឡាករវ័យ២៧ឆ្នាំ ក៏បន្តលេងឲ្យ Hai Phong FC នៅចុងឆ្នាំដដែលនោះ រហូតដល់ឆ្នាំ២០១៨ ជាទីរូបគេរួមរស់ជាមួយ Ho Chi Minh City FC៕