(ភ្នំពេញ)៖ គ្មានអ្នកណាមិនដឹងនោះទេថា ​តារាចម្រៀង ដែលត្រូវគេស្គាល់ថា បានឡើងជាឧកញ៉ាវ័យក្មេងលោក ឡេង ណាវ៉ាត្រា កំពុងតែល្បីល្បាញជាអ្នកជំនួញ ​និងល្បីខាងផ្នែកសប្បុរសធម៌ រហូតដល់ថ្នាក់បំភ្លេចការបញ្ចេញស្នាដៃសិល្បៈ ដែលធ្លាប់ជួយឲ្យលោកទទួលបានប្រជាប្រិយភាពមុនក្លាយ ជាអ្នកជំនួញ។ យ៉ាងណាមិញនៅមុននេះបន្តិច លោកបានបញ្ជាក់ ប្រាប់ពីគម្រោងធំ២ ដែលគេនឹកស្មានមិនដល់ គឺប្រកាសដំណើរការផលិតកម្ម Galaxy ឡើងវិញ និង​ប្រកាសសង់សាលាបណ្ដុះ​​បណ្ដាល ភាសាកូរ៉េដល់​ទៅ៣​កន្លែងផ្សេងគ្នា ក្នុងពេលខាងមុខ ដើម្បីឲ្យកូនខ្មែរដែលចង់ចេះភាសាកូរ៉េ និងចង់ប្រលងទៅធ្វើការនៅក្នុងប្រទេសកូរ៉េ មានលទ្ធភាពគ្រប់គ្រាន់ ដោយមិនចំណាយប្រាក់។

លោកបានថ្លែងបញ្ជាក់ថា ក្រៅពីនឹងធ្វើឲ្យផលិតកម្ម Galaxy របស់លោក កំរើកឡើងវិញ លោកក៏សម្រេចទាំងបោះទុន ក្នុងគម្រោងសាងសង់ អគារសិក្សាភាសាកូរ៉េមួយកន្លែង ក្នុងចំណោម៣កន្លែង ឬទាំង៣កន្លែងតែម្ដង ជូនដល់អ្នកចង់សិក្សាកូរ៉េ ដែលចង់​ស្វែងរកការងារនៅក្នុងប្រទេសកូរ៉េ និងនៅក្នុងស្រុកថែមទៀត ដើម្បីឲ្យលោកបានរួមចំណែក ទាំងក្នុងវិស័យសិល្បៈ និងទាំងបានចូលរួមលើកស្ទួយធនធាន មនុស្សឲ្យបានទន្ទឹមគ្នា។ លោកថា ហេតុផលដែលលោកសម្រេចចិត្តចំណាយទុន លើគម្រោងបង្កើតសាលាកូរ៉េ គឺដោយសារតែលោកយល់ថា តម្រូវការភាសាកូរ៉េមានភាពចាំបាច់ចំពោះពលរដ្ឋ ហើយតម្រូវការពលករពីកម្ពុជា ទៅធ្វើការនៅក្នុងប្រទេសកូរ៉េ ក៏នៅមានច្រើន ដែលចាំបាច់ឲ្យលោក ដែលជាអតីតពលករនៅក្នុងប្រទេសកូរ៉េ ដែលបានមានឱកាសបានទទួលការសិក្សានា ពេលនោះទាំងលំបាក គួរតែងាកមកយកចិត្តទុកដាក់ ដល់ចំណុចនេះ ក្រោយពេលជោគជ័យ។

លោកថា សាលាដែលគ្រោងបង្កើតនោះ មិនត្រឹមតែបង្កើតតែអាគារ និងបំពាក់គ្រឿងបរិក្ខា​ពេញលក្ខណៈជាសាលាប៉ុណ្ណោះទេ សូម្បីតែគ្រូដែលមកសិក្សាក៏លោកនឹងរ៉ាប់រង លើការចំណាយទាំងស្រុង ដែលមានន័យថា កូនសិស្សដែលចុះឈ្មោះសិក្សានឹងមិនខ្វល់ លើការចំណាយសូម្បីមួយសេន តាំងពីដើមរហូតដល់ចប់។ លោកក៏នឹងសង់អាគារ សម្រាប់អ្នកខេត្តស្នាក់នៅ រហូតដល់សិស្សទាំងនោះទទួលបានជំនាញ អាចធ្វើការបានផងដែរ។

​លោក ឡេង ណាវ៉ាត្រា បន្តថា លោកកំណត់យកទីតាំង៣ ក្នុងការសាងសង់សាលាភាសាកូរ៉េនោះ ដោយទី១នឹងសង់នៅខេត្តព្រះសីហនុ ទី២នៅជាយរាជធានីភ្នំពេញ និងទី៣នៅក្នុងតំបន់ប៉ោយប៉ែត ព្រំប្រទល់ខ្មែរថៃ ដោយគ្រោងប្រើថវិកាប្រហាក់ប្រហែល១លានដុល្លារ និងគ្រោងសាងសង់ឆាប់ៗ។ ​សាលាទាំងមូល មិនមែនចំណាយ និងទ្រទ្រង់តែលោក និងក្រុមហ៊ុនរបស់លោកតែម្នាក់ឯងនោះទេ គឺលោកនឹងកៀរគរឲ្យមានសប្បុរសជនជាច្រើនផ្សេងទៀតចូលរួម ឧទាហរណ៍ថាបើមានក្រុមហ៊ុនអាគារ ឬជួយសម្ភារៈនោះ ឬជួយផ្គង់ផ្គង់គ្រូជាដើម គឺលោកនឹងទទួលទាំងអស់ ខណៈដែលក្រុមហ៊ុន​ក្នុង​ស្រុក ក៏លោកនឹងចាប់ដៃឲ្យបានកាន់តែច្រើន ដើម្បីបញ្ចេញកូនសិស្សក្នុងសាលារបស់លោក អោយបានការងារ​ធ្វើក្នុងពេលសិក្សាបណ្ដើរ ឬពេលរៀនចប់ ដោយកុំរំពឹងតែការចេញទៅធ្វើការ នៅក្នុងប្រទេសកូរ៉េតែមួយមុខ។

លោកប្រកាសឲ្យអ្នកចង់សិក្សាភាសាកូរ៉េ ក្នុងគម្រោងរបស់លោក ​ទាក់ទងមកក្រុមហ៊ុន​របស់លោក ដើម្បីចង់ដឹងថា ​អ្នកមានតម្រូវការទាំងនោះ ត្រូវការអោយសង់សាលា​នៅទីតាំងណាមុន ​ដោយបើចំនួនអ្នកចុះឈ្មោះ​មានចំនួនគ្រប់គ្រាន់ គឺលោកនឹងសង់សាលាបណ្ដោះអាសន្នឲ្យសិក្សាសិន ហើយចាំសង់អាគាររឹងមាំឲ្យសិក្សា នៅក្នុងទីតាំង១​ក្នុងចំណោមគម្រោងទាំង៣នោះ មុនគេតែម្ដង៕