(បាសេឡូណា)៖ កីឡាករវ័យក្មេងរបស់ចក្រភពអង់គ្លេស Lando Norris បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តសាកល្បង Formula 1 ឆ្នាំ២០១៩ នៅវគ្គផ្តាច់ព្រ័ត្រថ្ងៃទី១ វគ្គទី១ ដែលត្រូវបានធ្វើឡើងនៅទីក្រុង Barcelona នៃប្រទេសអេស្ប៉ាញ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា កីឡាករដែលមានវ័យត្រឹមតែ ១៩ឆ្នាំជនជាតិអង់គ្លេស ដែលបើកបរឲ្យ ក្រុមហ៊ុនក្នុងស្រុក McLaren បានប្រើពេលត្រឹមតែ ១នាទី និង១៧.៧០៩វិនាទីក្នុងការបញ្ចប់ទីនាំមុខគ្រូប្រជែងដាច់ក្នុង ចំណោមសមាជិក ១៣នាក់ដែលចូលរួមប្រកួត ខណៈកីឡាករអាល្លឺម៉ង់ Sebastian Vettel ដែលនាំមុខគេនៅថ្ងៃបើកឆាកនោះបានធ្លាក់មកលេខ៤ និងជើងខ្លាំង Lewis Hamilton ដែលបើកឲ្យក្រុម Mercedes ធ្លាក់ដល់លេខ១២។

គួរបញ្ជាក់ផងថា យុទ្ធនាការប្រណាំងសាកល្បង F1 ឆ្នាំ២០១៩ នៅរយៈពេលប្រកួត៣ថ្ងៃទៀតក្នុងសប្តាហ៍នេះ នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ មុនពេលព្រឹត្តិការណ៍ធំ Australian Grand Prix 2019 ដែលនឹងធ្វើឡើងនៅទីក្រុង Melbourne ប្រទេសអូស្រា្តលី ចាប់ពីថ្ងៃទី១៤-១៦ ខែមីនាខាងមុខ៕