(មេនឆេស្ទើ)៖ កីឡាករលេងក្នុងតំណែងខ្សែការពារកណ្តាល Aymeric Laporte បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល ២ឆ្នាំទៀតជាមួយក្លឹបមេឃខៀវ Manchester City ពោលគឺផុតកំណត់ដល់ឆ្នាំ២០២៥ ដែលត្រូវបានធ្វើឡើងនាថ្ងៃទី២២ ខែកុម្ពៈ ឆ្នាំ២០១៩ សប្តាហ៍មុន។

កីឡាករវ័យ ២៤ឆ្នាំ សញ្ជាតិបារាំងរូបនេះត្រូវបាននាំមកចូលរួមជាមួយក្រុមជើងឯកអង់គ្លេស Man City ក្នុងតម្លៃ ៧៥លានដុល្លារកាលពីខែមករា ឆ្នាំ២០១៨ ដែលជាតម្លៃផ្ទេរបំបែកកំណត់ត្រារបស់ក្លឹបក្នុងនាមខ្សែការពារ ដែលបានចុះកិច្ចសន្យា ៥ឆ្នាំ នៅកីឡដ្ឋាន Etihad ដោយនឹងផុតសុពលភាពដល់ឆ្នាំ២០២៣។

Laporte បានក្លាយជាកីឡាករដ៏សំខាន់របស់អ្នកចាត់ការទូទៅ Pep Guardiola ខណៈរូបគេបានបង្ហាញខ្លួន ៣៦ប្រកួត និងរកបាន ២គ្រាប់គ្រប់កម្មវិធីប្រកួតនារដូវកាលឆ្នាំ២០១៨-២០១៩នេះ។

កីឡាករវ័យក្មេង Laporte ដែលបានចាកចេញពីក្លឹបអេស្ប៉ាញ Athetic Bilbao កាលឆ្នាំ២០១៨ បានថ្លែងថា «ខ្ញុំពិតជាសប្បាយចិត្តក្នុងការសម្រេចលើអនាគតរបស់ខ្ញុំ ជាមួយរយៈពេលយូរក្នុងក្រុម Man City ហើយចាប់តាំងពីថ្ងៃដែលខ្ញុំបានមកដល់ទីនេះ ខ្ញុំត្រូវបានគេធ្វើឱ្យមានភាពកក់ក្តៅដោយលោក Pep និងកីឡាករទាំងអស់ក្នុងក្រុម»