(ភ្នំពេញ)៖ គ្មានអ្នកណាមិនដឹងនោះទេ ថាកាលពីមុនចូលឆ្នាំមុន តារាចម្រៀងច្រើនណាស់ ដែលបានសម្រុកចេញបទ​ទាក់ទងនឹងសត្វតំណាងឲ្យឆ្នាំថ្មីនាពេលនោះ ដោយគេឃើញបទចម្រៀងស្ទើរគ្រប់ផលិតកម្មសុទ្ធតែចេញបទទាក់ទងនឹងសត្វឆ្កែ។ សម្រាប់ឆ្នាំនេះ បទទាក់ទងនឹងសត្វជ្រូកសម្រាប់ស្វាគមន៍ឆ្នាំជ្រូកហាក់មិនសូវមានតារាចម្រៀងសម្រុកចេញនោះទេ ដោយមានតែតារាចម្រៀងពេជ្រ សោភា ដែលប្រកាសចេញបទបោកកូនជ្រូក តែមិនទាន់ឃើញបង្ហោះ។ អ៊ីចឹងហើយទើបបទថ្មី ដែលទើបចេញបង្ហោះក្រោមចំណងជើងថា «រាំក្បែរទ្រុងជ្រូក» របស់ សុគន្ធ ដេវីត និងអតីតបេក្ខនារីចំណាត់ថ្នាក់លេខ២ កញ្ញា អេង ស្រីអូន ដែលទើបចេញបង្ហាញក្នុងផលិតកម្មថ្មី គឺផលិតកម្ម Gold Production ត្រូវបានគេចាត់ទុកថាជាបទទាក់ទងនឹងឆ្នាំជ្រូកដំបូងគេដែលបានចេញបង្ហាញផ្លូវការ។

លោក សុគន្ធ ដេវីត បញ្ជាក់ថា ដោយសារតែក្នុងឆ្នាំខាងមុខនេះ គឺឆ្នាំជ្រូកទើបលោកសម្រេចផលិតបទថ្មី ក្រោមចំណងជើងថា «រាំក្បែរទ្រុងជ្រូក» ដោយបទចម្រៀងនេះ គឺជាបទ Original Song ហើយជាបទដែលលោកបានចាប់ដៃច្រៀងជាមួយ អតីតបេក្ខនារីចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីពេជ្រកំពុងច្នៃ គឺកញ្ញា អេង ស្រីអូន បន្ទាប់ពីលោក និងនាងសម្រេចចិត្តចូលច្រៀង នៅក្នុងផលិតកម្ម Gold Production។ លោកថាបទចម្រៀងមួយបទនេះ នឹងផលិត MV ក្នុងពេលដ៏ខ្លី ដោយលោក និងកញ្ញាស្រីអូន ក៏មានគម្រោងរំលេចក្បាច់រាំឲ្យរស់រវើកផងដែរ ដើម្បីអោយអ្នកគាំទ្រស្ដាប់ឲ្យប្លែកអារម្មណ៍ និងបានរាំសប្បាយផង។ លោកបន្តថាខ្លួនដៃគូថ្មី គឺ កញ្ញា អេង ស្រីអូន កាន់តែសប្បាយចិត្ត ដែលគ្រាន់តែបានបង្ហោះបទ «រាំក្បែរទ្រុងជ្រូក» មិនទាន់បានប៉ុន្មានម៉ោងផង ក៏មានអ្នកចូលView ក្នុងចំនួនច្រើន ហើយមានអ្នកសរសើរថាបទភ្លេងប្លែក និងស្ដាប់ទៅគួរឲ្យចង់រាំ។

ដោយឡែកកញ្ញា អេង ស្រីអូន បានអះអាងដែរថា នាងសប្បាយចិត្តយ៉ាងខ្លាំង ដែលបានចាប់ដៃជាមួយតារាចម្រៀង លោក សុគន្ធ ដេវីត ហើយបានចេញបទ «រាំក្បែរទ្រុងជ្រូក» ដែលបទចម្រៀងនេះគឺគ្រាន់តែអត្ថន័យ និងសាច់ភ្លេងគឺធ្វើឲ្យនាងមានទំនុកចិត្តសម្រាប់ការគាំទ្រតែម្ដង។ នាងក៏ត្រៀមបញ្ចេញស្នាដៃទី២ជាមួយលោក សុគន្ធ ដេវីត ក្នុងពេលបន្តបន្ទាប់ផងដែរ៕