(ក្រុងឡុងដ៍)៖ អតីតគ្រូបង្វឹកនៃក្លឹបស្កុតឡេន Celtic លោក Brendan Rodgers ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅ ថ្មីនៃក្លឹបកញ្ជ្រោងខៀវ Leicester City ដើម្បីជំនួសកៅអីគ្រូបង្វឹក Claude Puel ដែលត្រូវបានបញ្ចប់តួនាទី ក្រោយដឹកនាំបានរយៈពេល ១៦ខែ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា បុរសជនជាតិអៀរឡង់ខាងជើងបានឈប់ដឹកនាំក្លឹបជើងឯកនៃប្រទេសស្កុតឡេន Celtic ដើម្បីមកចុះកិច្ចសន្យាដឹកនាំ ក្លឹបលេងនៅ Premier League ក្នុងរយៈពេល ៣ឆ្នាំពោលគឺនឹងផុតសុពលភាពដល់ឆ្នាំ២០២២។

នេះជាការវិលមកដល់ក្របខណ្ឌកំពូលអង់គ្លេស Premier League វិញ បន្ទាប់ពីរូបលោកធ្លាប់បានដឹកនាំលេងក្នុងក្រប ខណ្ឌដ៏មានប្រជាប្រិយភាពនេះក្នុងក្លឹបហង្សក្រហម Liverpool និងហ្វូងក្ងាន Swansea City។

Leicester City បានរងបរាជ័យ ១-៤ ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ Crystal Palace កាលពីសប្តាហ៍មុន បានធ្វើឲ្យក្រុម កញ្ជ្រោងមួយនេះបានបរាជ័យក្នុងផ្ទះ ៤ប្រកួតជាប់ៗគ្នាលើកដំបូងគិតចាប់តាំងពីខែមករា ឆ្នាំ២០០០មក ដែលធ្វើឲ្យ គ្រូបង្វឹក Claude Puel បាត់បង់តំណែងក្នុងក្លឹបម្ចាស់ជើងឯកឆ្នាំ២០១៦៕