(ភ្នំពេញ)៖ ទោះបីលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា មិនបានចូលរួមជាមួយក្រុមជម្រើសជាតិ U22 កម្ពុជាក៏ពិតមែន តែលោកតែងតែធ្វើការសួរសុខទុក្ខ និងតាមដានការវិវត្តន៍របស់កីឡាករជានិច្ច។ ទន្ទឹមជាមួយគ្នា លោក Felix Dalmas គ្រូបង្វឹកក្រុម U22 កម្ពុជា ក៏បានទម្លាយនូវសារដ៏មានអត្ថន័យមួយរបស់លោក Honda មកកាន់កូនក្រុមរបស់ខ្លួនសម្រាប់ការប្រកួតពានរង្វាន់ AFF U22 Championship 2019 ផងដែរ។

លោក Felix បាននិយាយថា «លោក Honda គាត់បានផ្ញើសារមកកាន់ក្រុមយុវជន U22 កម្ពុជាតាំងពីមុនចាប់ផ្ដើមការប្រកួតម្ល៉េះ (AFF U22) ហើយសាររបស់គាត់ក៏មិនខុសពីខ្ញុំដែរ ដោយគាត់បានលើកទឹកចិត្តកីឡាករទាំងអស់ កុំឲ្យផ្ដោតតែលើលទ្ធផល​ជាងភាពរីកចម្រើនរបស់ក្រុម។ យើងត្រូវបន្ដធ្វើវា ដោយព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីថ្ងៃអនាគត។ នេះគឺជាសារ និងជាអ្វី ដែលយើងតែងតែនិយាយប្រាប់ដល់កីឡាករទាំងអស់គ្នា»

ការទម្លាយសារនេះ ធ្វើឡើងក្រោយក្រុម U22 កម្ពុជា ប្រកួតចាញ់ក្រុម U22 ថៃ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៣ ក្រោយចំណាយពេលប្រកួត ១២០នាទីស្មើគ្នា ០-០ ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យកន្លងទៅ។ ទន្ទឹមជាមួយគ្នា លោកក៏បានអំពាវនាវដល់អ្នកគាំទ្របន្ដចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កីឡាករកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានកីឡាករ និងវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។

គួរបញ្ជាក់ថា ឆ្លងកាត់ប៉ុន្មានប្រកួតមកនេះ ក្រុម U22 កម្ពុជា សុទ្ធតែទទួលបានការកោតសរសើរច្រើនជាងការរិះគន់ ពិសេសជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹងក្រុម U22 ថៃ ដែលកីឡាករ U22 កម្ពុជាម្នាក់ៗ បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ទោះបីមិនបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រក៏ដោយ។ អ្នកគាំទ្រក៏សង្ឃឹមថា ក្រុមគោព្រៃជំទង់កម្ពុជា នឹងបន្ដធ្វើបានល្អបន្ថែមទៀត ដើម្បីដណ្ដើមចំណាត់ថ្នាក់លេខ៣ ជាប្រវត្តិសាស្ដ្រ ក្នុងជំនួបជាមួយក្រុម U22 វៀតណាម នាម៉ោង ៣៖៣០នាទីរសៀលនេះ៕