(ភ្នំពេញ)៖ ខ្សែភាពយន្តខ្នាតធំថ្មីមួយទៀត របស់ផលិតកម្ម មាតុចក្រហ្វីលម៍ មានចំណងជើងថា «ទារុណកម្ម​ខ្មោច» ដែលជាភាពយន្តឆ្លុះបញ្ចាំង ពីការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ កាលពីសម័យ​ខ្មែរក្រហម ( របប ប៉ុល ពត) ៣ឆ្នាំ ៨ខែ ២០ថ្ងៃរបស់ប្រទេសកម្ពុជា ត្រូវបានផលិតករប្រកាសជាសាធារណៈថា នឹងគ្រោងយកទៅបញ្ចាំង នៅតាមបណ្ដានានា​ក្នុងតំបន់អាស៊ាន មានដូចជា ថៃ ឡាវ មីយ៉ាន់ម៉ា និងប្រទេសមាឡេស៊ី ជាដើម ដែលហាក់បង្ហាញឲ្យឃើញថា វិស័យភាពយន្តរបស់ប្រទេសកម្ពុជា កំពុងតែឆ្ពោះទៅរកភាពរីកចម្រើន នៅលើទីផ្សារអន្តរ ជាបន្តបន្ទាប់។

ការប្រកាសឲ្យដឹង គួរឲ្យភ្ញាក់ផ្អើលបែបនេះ ត្រូវបានធ្វើឡើង នៅក្នុងកម្មវិធីបើកសម្ពោធ ដាក់បញ្ចាំងជាផ្លូវការ កាលពីល្ងាចថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ​នេះ នៅក្នុងផ្សារទំនើប អ៊ីអន ដោយនៅក្នុងពិធីបើកសម្ពោធខ្សែភាពយន្ត មួយនេះ គេសង្កេតឃើញមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់​តារាចម្រៀង តារាសម្ដែង, តារាកំប្លែង និងផលិតករ ជាច្រើនផងដែរ​។

​លោក ហ៊ុយ យ៉ា​ឡេង ​ម្ចាស់​ផលិត​កម្ម មាតុ​ចក្រ​ហ្វីលម៍ ឲ្យ​ដឹង​ថា រឿង «ទារុណកម្មខ្មោច»​ ដែល​ចំណាយ​ទុន​ផលិតអស់​៧ម៉ឺន​ដុល្លារ​នេះ ​នឹងយកទៅ​បញ្ចាំង​នៅ​ប្រទេស​ថៃ ឡាវ មីយ៉ាន់ម៉ា និង ម៉ាឡេស៊ី​ ប៉ុន្តែ​រង់​ចាំ​ការ​ពិភាក្សា​គ្នា​​សិន ពាក់ព័ន្ធ​នឹង​​គោល​បំណង​នេះ។ ​កន្លង​មក ​ភាព​យន្ត​របស់​ផលិតករ ​ធ្លាប់​ជា​អតីត​បង​ធំ ​ប្រចាំ​សាលា​ក្នុ​ង​ខេត្ត​បន្ទាយ​មាន​ជ័យរូបនេះ ធ្លាប់​បាន​ដាក់​បញ្ចាំង​ នៅ​ក្រៅ​ប្រទេស​ញឹក​ញាប់​ដូច​ជា ​រឿង «ធ្មប់» ​បញ្ចាំង​នៅ​អាមេរិក ចិន ប្រ៊ុយ​ណេ, រឿង «វិកលចរិត» បញ្ចាំង​នៅ​ប្រទេស​ចិន​ជា​ដើម និង​ព្រម​ទាំង​ទទួល​បាន ​ពាន​រង្វាន់​អន្តរជាតិ​ជា​ច្រើន​ ផង​ដែរ​។

លោក ហ៊ុយ យ៉ាឡេង បានបន្តឲ្យដឹងទៀតថា ចំពោះខ្សែភាពយន្តរឿង «ទារុណកម្មខ្មោច» គឺលោកបានសម្រិតសម្រាំងឡើង យ៉ាងល្អឥតខ្ចោះ ទាំងគុណភាព ទាំងអត្ថន័យ បែបអប់រំ ដែលបង្កប់នៅក្នុងសាច់រឿងមួយនេះ​។ ជាពិសេសសាច់រឿង បែបរន្ធត់មួយនេះ បានបង្ហាញដល់អ្នកទស្សនា ឲ្យដឹងពីការធ្វើទារុណកម្ម នៅក្នុងរបបខ្មែរក្រហម ដែលធ្វើទារុណកម្ម មកលើប្រជាពលរដ្ឋកម្ពុជា ​បង្កប់នៅក្នុងខ្សែភាពយន្ត​នេះផ្ទាល់ ខណៈសាច់ទាំងមូល ប្រាកដជាធ្វើឲ្យ​ទស្សនិកជន ជាពិសេសយុវវ័យជំនាន់ក្រោយ យលដឹងកាន់តែច្បាស់ របបខ្មែរក្រហម បន្ទាប់ពីពួកគេមិនបានឆ្លងកាត់។

យ៉ាងណាមិញ បន្ទាប់ពីធ្វើការដាក់បញ្ចាំងនៅកម្ពុជារួចហើយ លោក ហ៊ុយ យ៉ាឡេង គ្រោងនឹងដាក់បញ្ចាំង​ខ្សែភាពយន្តរឿង «ទារុណកម្មខ្មោច» មួយនេះ ក្នុងប្រទេស​មួយចំនួន នៅតំបន់អាស៊ាន នៅពាក់កណ្ដាលខែមិនា ខាងមុខនេះ ដែលធ្វើឲ្យរូបលោក មានការរំពឹងយ៉ាងមុតមាំថា នឹងទទួលបានជោគជ័យ នៅលើឆាកអន្តរជាតិ បន្ទាប់ពីរឿងជាច្រើនរបស់លោក ដែលមានដូចជារឿង «ធ្មប់» និងរឿង «វិកលចរិត» ទទួលបានការគាំទ្រ និងឈ្នះពានរង្វាន់អន្តរជាតិ​​រួចមកហើយនោះ៕