(កូរ៉េ)៖ Rain បានកែសម្រួលការបង្ហោះសារនៅលើ Instagram ផ្ទាល់ខ្លួន។ មុនពេលឈានចូលដល់ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ កំពូលតារាចម្រៀង និងតារាសម្តែងប្រុសរូបនេះបានបង្ហោះសារមួយ និយាយដល់ខ្សែភាពយន្ត «Uhm Bok Dong» ដែលលោកសម្តែង ហើយត្រៀមចាក់ផ្សាយនៅពេលឆាប់ៗនេះថា «ខ្ញុំផឹកភេសជ្ជៈ... វាមិនអីទេបើខ្សែភាពយន្តនេះធ្វើ មិនបានល្អ។ ប៉ុន្តែគ្រាន់តែចងចាំ Uhm Bok Dong ខ្ញុំបានសម្ដែងអស់ពីដួងចិត្តរបស់ខ្ញុំ.. អាចមានរឿងចៃដន្យដែល ខ្សែភាពយន្តនេះមើលទៅមិនល្អ។ ខ្ញុំបានធ្វើវាទាំងថ្ងៃនិងយប់... ខ្ញុំព្យាយាម​អស់ពីសមត្ថភាពនិងប្រឹងប្រែងយ៉ាងខ្លាំង សង្ឃឹមថាអ្នកទាំងអស់គ្នាយល់ពីភាពស្មោះត្រង់របស់ខ្ញុំ, សូមអរគុណ...»

ប៉ុន្មានម៉ោងក្រោយមក Rain ក៏ស្រាប់តែចូលទៅកែសម្រួល និងលុបចោលពាក្យពេចន៍ខ្លះចេញវិញ ហើយសូមឲ្យគ្រប់គ្នារីករាយនឹងទស្សនារឿងនេះខុសពីអ្វី ដែលលោកបានសរសេរមុននេះពីភាពអវិជ្ជមាននៃរឿង «Uhm Bok Dong»។ បើទោះជា Rain មិនបានបញ្ជាក់ពីមូលហេតុនៃការកែតម្រូវសារ ដែលបង្ហោះលើ Instagram ក៏ដោយប៉ុន្តែមនុស្សជាច្រើនយល់យ៉ាងងាយថា ព្រោះតែរូបគេស្រវឹងទើបសរសេរខុស។

គួរបញ្ជាក់ថា ខ្សែភាពយន្ត «Uhm Bok Dong» ត្រៀមចាក់ផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ៕