(កូរ៉េ)៖​ G-Tree Creative ភ្នាក់ងាររបស់តារាសម្តែង Choi Jin Hyuk ព្រមានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងបុគ្គល ដែលចូលមក Comment តាម​ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានគំនិតអាក្រក់ និងជនដែលធ្វើការផ្សព្វផ្សាយព័ត៌មានមួលបង្កាច់មកលើសិល្បកររបស់ក្រុមហ៊ុន។

ថ្មីៗនេះ G-Tree Creative បានទៅកាន់ «theReal» ដែលជាក្លឹបផ្លូវការរបស់អ្នកគាំទ្រ Choi Jin Hyuk ដើម្បីប្រកាសថា ពួកគេនឹងចាត់វិធានការតឹងរឹងលើករណីនេះ ហើយភ្នាក់ងារក៏បានសុំកិច្ចសហការពីក្រុមអ្នកគាំទ្រ ដើម្បីប្រមូលព័ត៌មានឲ្យបានច្បាស់មុននឹងចាត់វិធានការផ្លូវច្បាប់។

ការប្រកាសរបស់ G-Tree Creative ធ្វើឡើងស្របពេលដែលថ្មីៗនេះ Choi Jin Hyuk បានបញ្ចប់ការថតរឿង «The Last Empress» របស់ទូរទស្សន៍ SBS ដូចដែលរូបគេមិនអាចបង្ហាញខ្លួនសម្រាប់ ៤វគ្គទៀត នៅក្នុងសាច់រឿងនេះឡើយ ព្រោះតែមានបញ្ហាលើកាលវិភាគសម្តែង។

បច្ចុប្បន្ន Choi Jin Hyuk កំពុងត្រៀមខ្លួនជួបជាមួយអ្នកគាំទ្រនៅតៃវ៉ាន់ថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះ៕