(ភ្នំពេញ)៖ តារាចម្រៀងសំនៀងស្រទន់មានទឹកដម ពិរោះរណ្តំ ត្រូវចិត្តទស្សនិកជនគ្រប់វ័យ គឺកញ្ញា ឈិន ម៉ានិច្ច បច្ចុប្បន្នហាក់មានប្រជាប្រិយភាពខ្លាំង និងមានទស្សនិកជនជាច្រើន គាំទ្រនូវស្នាដៃចម្រៀងរបស់នាង ព្រោះតែគ្រប់បទដែល ម៉ានិច្ចបានបកស្រាយទាំងអស់ សុទ្ធតែពិរោះ ស្តាប់ម្តងហើយចង់ស្តាប់ទៀត។ យ៉ាងណាមិញ ថ្មីៗនេះទស្សនិកជន បានសម្តែងនូវការចាប់អារម្មណ៍គ្រប់គ្នា ខណៈឃើញតារាស្រីរូបនេះ បកស្រាយចម្រៀងជាភាសាចិនយ៉ាងពិរោះ មិនធ្លាប់ឃើញពីមុនមក ព្រោះកន្លងទៅធ្លាប់តែឃើញនាង ច្រៀងជាភាសាខ្មែរ។

ជាក់ស្តែង ក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ម្ចាស់ពាន់រង្វាន់ Cambodia Idol រដូវ កាលទី២ កញ្ញា ឈិន ម៉ានិច្ច បានបង្ហាញនូវទេពកោសល្យ និងសមត្ថភាពខ្ពស់ក្នុងការច្រៀងចម្រៀងភាសាចិន បានយ៉ាងពិរោះ មានការសម្តែងនូវទឹកមុខ ដាក់មនោសញ្ចេតនា ស្រែកចម្រៀង បានយ៉ាងល្អក្នុងបទភាសាចិន ដែលមានចំណងជើងជាភាសាខ្មែរថា «ព្រះច័ន្ទ»។

ជាមួយគ្នានេះដែរ ក្រោយពីកញ្ញា ឈិន ម៉ានិច្ច បានធ្វើការបកស្រាយ បទចម្រៀងរបស់នាងរួចមក បានធ្វើឱ្យរូបនាង ទទួលបានការចាប់អារម្មណ៏ច្រើនពីសំណាក់អ្នកនិយមទស្សនាកម្មវិធី ចម្រៀងគ្រួសារខ្មែរ ជាពិសេចំពោះអ្នកប្រើប្រាស់ បណ្ដាញសង្គមហ្វេសប៊ុក បានធ្វើការចែកចាយតគ្នាតែម្តង៕