(ភ្នំពេញ)៖ បេក្ខជនតំណាងឱ្យប្រទេសកម្ពុជា ក្នុងកម្មវិធី «Mister & Miss Asian International» 2019 ​លោក ឡៅ បញ្ញា ត្រូវបានមហាជនដឹងថា លោកគឺជា ​​​អ្នកសម្ដែង​​​ក្បាច់គុន​ល្បុក្កតោ និងសម្ដែង​​​​​​​​​​​​​អច្ឆរិយអង្គរនៅទឹកដីខេត្ត​សៀមរាប​​មួយរូប ដែលរូបរាង​​​ខ្ពស់ ស្រស់សង្ហារគួរឱ្យ​ទាក់ទាញ។ យ៉ាងណាមិញ តាមរយៈចូលរួមប្រកួតក្នុងកកម្មវិធី លំដាប់ថ្នាក់ពិភពលោក ខាងលើ លោក ឡៅ បញ្ញា ទទួលបានចំណាត់ថ្នាក់រងផ្ទួនៗគ្នា ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើន មានមោទនភាពចំពោះរូបលោក បើទោះបីជា មិនទទួលបាន​​​មកុដជា​បុរស​​​​​​ឯក ក្នុងវគ្គបញ្ចប់ក្តី។

ជាការពិត កម្មវិធីលំដាប់ថ្នាក់ពិភពលោក «Mister & Miss Asian International» 2019 គឺជាការប្រកួតសម្រស់​ និងសមត្ថភាព​កម្រិត​អន្តរជាតិ ដែលក្នុងឆ្នាំនេះ គឺធ្វើឡើង​​​នៅទីក្រុងបាង​កក ប្រទេសថៃ ហើយឈានចូលវគ្គ​ផ្ដាច់​ព្រ័ត្រ​​ កាលពីយប់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ បើយោងតាមរយៈផេកផ្លូវការ របស់កម្មវិធីនេះ បានឱ្យដឹងថា បេក្ខជនតំណាងកម្ពុជា លោក ឡៅ បញ្ញា ទទួលបានចំណាត់ថ្នាក់ផ្ទួនគ្នា ជាច្រើនផ្នែក គួរជាទីមោទន ដោយក្នុងនោះរួមមាន៖ ចំណាត់ថ្នាក់ «​​1st Runner Up» ឬ​ហៅថា​​ចំណាត់ថ្នាក់​រង ​​​(ចំណាត់ថ្នាក់​លេខ​២) សម្រាប់​​ការប្រកួត​ផ្នែកបុរស, ​​​ ចំណាត់ថ្នាក់​ «Best Smile» ឬ​​​​​​​​​​​​​​ជាបេក្ខជន ដែលញញឹម​​ស្រស់ជាងគេ ​ព្រមទាំង​ចំណាត់​២​ទៀត គឺ​ចំណាត់​ថ្នាក់​​​​​​​ «2nd Runner Up Best Physique» និង​ចំណាត់ថ្នាក់​ «2nd Runner Up Best National Custom» ដែលជា​ចំណាត់ថ្នាក់​លេខ៣​ ខាង​រូបសម្បត្តិល្អ និង​គ្រង​ឈុត​សំលៀក​បំពាក់បែបប្រពៃណី ​​​​​សាកសម​បំផុត។ ចំណែកឯ បេក្ខជនដែលទទួលបានមកុដបុរសឯក គឺបានទៅលើ ​​​​បេក្ខជន​មកពីប្រទេស​​សិង្ហបុរី ​​និង​ជ័យលាភីផ្នែកនារី បានទៅ​លើ​​ស្រីស្អាត​ មកពីប្រទេសថៃ ដែលជាម្ចាស់ផ្ទះ។

តាមរយៈការប្រកួត ពីមួយវគ្គទៅមួយវគ្គ ទស្សនិកជនសង្កេតឃើញថា បេក្ខជន​ ឡៅ បញ្ញា ពិតជាបានបញ្ចេញនូវទេពកោសល្យរបស់ខ្លួន យ៉ាងអស់ពីសមត្ថភាព ដើម្បីដណ្តើមបានជយលាភីក្នុងកម្មវិធី។ តែរហូតមកទល់នឹងពេលនេះ ទោះលទ្ធផលមិនជាប់ជាបុរសឯកក្តី តែលោក បានធ្វើឱ្យទស្សនិកជនជាច្រើន មានមោទនភាពចំពោះលោក។ ព្រោះវាជាកិត្តិយសដ៏ធំមួយ ដែលបានចូលរួមប្រកួតលើឆាក​អន្តរជាតិដ៏ធំមួយនេះ និងបានបញ្ចេញសមត្ថភាព បង្ហាញពីសិល្បៈវប្បធម៌ សម្លៀកបំពាក់ប្រពៃណីរបស់ខ្មែរ ឱ្យបរទេសបានស្គាល់ ប្រទេសកម្ពុជាកាន់តែច្រើន៕​