(ភ្នំពេញ)៖ ពិតជារឿងមួយនឹកស្មានមិនដល់ ចំពោះបងប្អូនខ្មែរ ពេលឃើញលោក Gordon Ramsay ដែលត្រូវបានគេដឹងថា ជាគណៈកម្មការ ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក MasterChef នៅសហរដ្ឋអាមេរិក បានចូលរួមផ្សព្វផ្សាយមុខម្ហូបខ្មែរ ទៅកាន់ពិភពលោក តាមរយៈបង្កើតជាវីដេអូឃ្លីបមួយ ក្រោយចំណងជើងថា «Gordon's Great Escape»។ ក្នុងវីដេអូនេះ លោក Gordon Ramsay បានចូលរួមធ្វើម្ហូបប្រចាំប្រទេសកម្ពុជា ដែលមានឈ្មោះថាអាម៉ុក ក្នុងភោជនីដ្ឋានមួយកន្លែង នៅទឹកដីអង្គរ។

ជាក់ស្តែង លោក Gordon Ramsay ដែលជាចៅក្រមដ៏មានសមត្ថភាពខ្ពស់ម្នាក់ក្នុងការប្រកួត MasterChef US ធ្លាប់មកធ្វើដំណើរកំសាន្តនៅទឹកដីអង្គរ ខេត្តសៀមរាប នៃព្រះរាជណាចក្រកម្ពុជា ដើម្បីសិក្សា ពីតំបន់ប្រវត្តិសាស្រ្ត ប្រជាជន ជាពិសេសស្វែងយល់ពីអាហារ របស់ប្រជាជនខ្មែរតែម្តង។ តាមរយៈវីដេអូឃ្លីបមួយ ដែលលោកបង្ហោះថ្មីៗនេះ គឺបានបង្ហាញពីទេសភាពដ៏ស្រស់បំព្រង រំលេចនៃសម្រស់ទឹកដីអង្គរ ខណៈលោក Gordon Ramsay កំពុងជិះម៉ូតូកង់បី ទស្សនាតំបន់រមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប។ អ្វីដែលពិសេស លោកបានចូលទៅរមណីដ្ឋានមួយ ហើយធ្វើម្ហូបអាម៉ុកជាមួយនឹងមេចុងភៅក្នុងហាង ព្រមទាំងផលិតចេញជាវីដេអូ ជួយផ្សព្វផ្សាយមុខម្ហូបរបស់ខ្មែរទៀតផង។

កាលដែរបានឃើញវីដេអូនេះហើយ ទស្សនិកជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស បានសម្តែងនូវអារម្មណ៍ភ្ញាក់ផ្អើលគ្រប់គ្នា ពេលដឹងថា កំពូលចុងភៅដ៏ល្បីនៅ អាមេរិក ធ្លាប់ធ្វើដំណើរកំសាន្តមកកាន់ទឹកដីអង្គរ ខេត្តសៀមរាបរបស់ខ្មែរ។ ពិសេសជាងនេះ ការធ្វើវីដេអូ និងចែករំលែកពីរបៀបនេះការធ្វើអាម៉ុក គឺត្រូវបានបងប្អូនខ្មែរជឿថា ជាផ្នែកមួយជួយផ្សព្វផ្សាយម្ហូបខ្មែរទៅកាន់ពិភពលោក និងឱ្យបរទេសស្គាល់តំបន់ប្រវត្តិសាស្ត្ររបស់ខ្មែរកាន់តែច្រើនបន្ថែមទៀត។

គួរជម្រាប់ថា សម្រាប់ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ពីសំណាក់លោក Gordon Ramsay គឺត្រូវបានគេដឹងថា លោកមកតាំងពីឆ្នាំ ២០១១ មកម៉្លេះ ខណៈវីដេអូនេះ ទើបតែត្រូវបានលោក បង្ហោះក្នុងបណ្តាញសង្គម YouTube កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ៕