(ភ្នំពេញ)៖ ភាពយន្ដកីឡាលើកដំបូងរបស់កម្ពុជា រឿង «បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ» ត្រូវបានប្រកាសកាលបរិច្ឆេទចាក់បញ្ចាំងផ្លូវការហើយ នៅខែមីនា ឆ្នាំ២០១៩ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការ NOCC នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ។

លោក វ៉ាត់ ចំរើន បញ្ជាក់ថា ភាពយន្ដបែបប្រឡោមលោកនេះ នឹងសម្ពោធចាក់បញ្ចាំងផ្លូវការនាថ្ងៃទី១៤ ខែមីនា នៅរោងកុនផ្សារទំនើប AEON Mall ទី១ ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងចំនួន៣ គឺក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងក្រសួងអប់រំ យុវជន និងកីឡា ហើយនៅថ្ងៃដដែលក៏មានរោងកុនធំៗទូទាំងរាជធានីភ្នំពេញ និងខេត្តសៀមរាប ធ្វើការចាក់បញ្ចាំងរឿង «បោកចំបាប់ ក្ដីសង្ឃឹមចុងក្រោយ» នេះដែរ។

ប៉ុន្ដែមុនឈានដល់ថ្ងៃចាក់បញ្ចាំងផ្លូវការ ២ថ្ងៃ ពោលគឺនៅថ្ងៃទី១២ ខែមីនា ក៏មានការចាក់បញ្ចាំងលក្ខណៈបើកសេរី នៅរោងកុនផ្សារទំនើប AEON Mall ទី១ ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៩យប់ ដោយអនុញ្ញាតឲ្យអ្នកសារព័ត៌មាន និងកីឡាករ-កីឡាការិនីគ្រប់ប្រភេទកីឡាទាំងអស់​ចូលរួមទស្សនាដោយសេរីកផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់រដ្ឋលេខាធិការក្រសួងទេសចរណ៍ខាងលើ។

លោកបន្ដថា «នេះគឺជារឿងកីឡាដំបូងរបស់កម្ពុជា ហើយក្រោយចាក់បញ្ចាំង បើសិនទទួលបានជោគជ័យ យើងនឹងពិនិត្យលទ្ធភាព បន្ដផលិតរឿងកីឡាបែងប្រពៃណីបន្ដទៀតដូចជាល្បុក្កតោ និងអុកចត្រង្គជាដើម ដើម្បីឲ្យពិភពលោកបានស្គាល់ពីកីឡាប្រពៃណី និងវប្បធម៌របស់កម្ពុជា។ មិនតែប៉ុណ្ណោះ រយៈពេល ២ខែក្រោយរឿង «បោកចំបាប់ ក្ដីសង្ឃឹមចុងក្រោយ» ត្រូវបានចាក់បញ្ចាំងនៅកម្ពុជា យើងនឹងនាំយករឿងនេះទៅ ចាក់បញ្ចាំងតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុបជាច្រើនទៀត»

លោក Manish Sharma អ្នកដឹកនាំផលិតភាពយន្ដនេះបានបញ្ជាក់ថា រឿងបោកចំបាប់ ដែលផលិតពីខ្សែជីវិត​ពិតរបស់គ្រួសារអ្នកចូលចិត្តកីឡាចំបាប់មួយ គឺគ្រួសាររបស់កីឡាការិនី នី សំណាង ដែលជាតួឯកស្រីក្នុងរឿងនេះ បានចំណាយពេលជិត ២ឆ្នាំ និងចំណាយប្រមាណ ៣០ម៉ឺនដុល្លារ។ តែអ្វីដែលជាតម្លៃនៃខ្សែភាពយន្ដ គឺជាការផលិតឡើង មានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងគ្រួសារកីឡា ដែលឆ្លុះបញ្ចាំងឲ្យឃើញការរួបរួម និងជាគំរូដ៏ល្អសម្រាប់ជីវិតស៊ូត ដល់យុវជនជំនាន់ក្រោយ។

ទន្ទឹមនឹងការកំណត់កាលបរិច្ឆេទចាក់បញ្ចាំងនេះដែរ បុរសជនជាតិឥណ្ឌាដដែល បន្ដថា ក្រោយបញ្ចប់ការផលិតខ្សែភាពយន្ដបែបប្រឡោមលោកនេះ លោករំពឹងជោគជ័យត្រឹមរួចខ្លួនប៉ុណ្ណោះ ប៉ុន្ដែករណីទទួលបានផលចំណេញពីការផ្សព្វផ្សាយខ្សែភាពយន្ដនេះ លោកនឹងយកប្រាក់ចំណេញនោះ ជួយដល់កីឡាចំបាប់ ពិសេសអ្នកចូលរួមថត ហើយក៏មានមួយផ្នែក សម្រាប់ជួយដល់ការងារមនុស្សធម៌ដែរ។ ដូច្នេះលោកសង្ឃឹមថា នឹងមានប្រជាពលរដ្ឋខ្មែរ និងបរទេសច្រើន ចូលរួមគាំទ្រភាពយន្ដកីឡាដំបូងរបស់កម្ពុជានេះ។

គួរបញ្ជាក់ថា ភាពយន្ដរឿង «បោកចំបាប់ក្ដីសង្ឃឹមចុងក្រោយ» បានចាប់ផ្ដើមថត កាលពីដើមឆ្នាំ២០១៧ ហើយបញ្ចប់ការផលិតនៅឆ្នាំ២០១៨ ក្រោមការចុះអនុស្សារណៈយោគយល់គ្នាក្នុងការផលិត រវាង NOCC ជាមួយក្រុមហ៊ុនភាពយន្ដឥណ្ឌារបស់លោក Manish Sharma ដោយចំណាយថវិកាជិត ៣០ម៉ឺនដុល្លារ។ ភាពយន្ដនេះ គឺជាសាច់រឿងពិតរបស់គ្រួសារកីឡាការិនីចំបាប់ជម្រើសជាតិកម្ពុជា នី សំណាង ដែលបានតស៊ូ និងជម្នះឧបសគ្គជាច្រើន ដើម្បីសម្រេចបំណងប្រាថ្នារបស់ឪពុក អតីតកីឡាករចំបាប់ជើងខ្លាំងកម្ពុជា ដែលចង់ឲ្យកូនស្រីខ្លួន បន្ដវេនជាមួយប្រភេទកីឡាបន្យល់ទុកពីបុព្វបុរសខ្មែរនេះ៕