(ភ្នំពេញ)៖ ជាការពិត បវរកញ្ញាប្រចាំប្រទេស ហ្វីលីពីន គឺកញ្ញា Catriona Gray បានក្លាយ​ជាម្ចាស់​ជ័យលាភី គ្រងមកុដ «Miss Universe» ឆ្នាំ២០១៨ ប្រមាណជាង ២ខែ មកហើយ បើគិតមកទល់នឹងខែ កុម្ភៈ ឆ្នាំ២០១៩នេះ ខណៈការទទួលបាននូវជ័យជំនះក្នុងកម្មវិធីនេះ បានធ្វើឱ្យប្រទេសជនហ្វីលីពីនជាច្រើន មានមោទនភាពចំពោះនាង និងរូបនាងផ្ទាល់បានវិលត្រឡប់ទៅមាតុភូមិវិញ ប្រកបដោយភាពរំភើបសប្បាយរីករាយ។ យ៉ាងណាមិញ ថ្មីៗនេះ តាមរយៈចូលរួមក្នុងព្រឹត្តិការណ៍មួយ កញ្ញា Catriona Gray បានពាក់មកុដ «Miss Universe» ឈរក្រវីដៃ នៅចំពោះមុខអ្នកគាំទ្រយ៉ាងច្រើនកុះករ តែអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ គឺមដុក ដែលធ្វើពីពេជ្រមាន ២៥ម៉ឺនដុល្លារ បានបាក់ស្លាបមួយផ្នែក ធ្វើឱ្យគ្រប់គ្នានឹកស្មានមិនដល់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។

តាមការកត់សម្គាល់ ក្នុងវីដេអូ ដែលត្រូវបានអ្នកលេងបណ្តាញសង្គមធ្វើការ ចែករំលែកតៗគ្នាយ៉ាងច្រើននោះ គឺបានបង្ហាញពីសកម្មភាពរបស់ បវរកញ្ញាចក្រវាល ឆ្នាំ២០១៨ កញ្ញា Catriona Gray ឈរក្រវីដៃនៅលើរថយន្តមួយគ្រឿង និងសើចដាក់អ្នកគាំទ្ររាប់រយនាក់យ៉ាងសប្បាយរីករាយ អំឡុងពេលចូលរួមព្រឹត្តិការណ៍ នៅថ្ងៃទី ២៤ ខែកុម្ភៈ។ ទន្ទឹមគ្នានេះ ដោយមិនដឹងពីមូលហេតុអ្វី មកុដ «Miss Universe» ដែលនាងពាក់ ពោរពេញដោយត្បូងពេជ្រ ចំនួន ៥០០ គ្រាប់ ស្រាប់តែជ្រុះនូវស្លាបមួយផ្នែក មកក្រោម តែជាសំណាងល្អ កញ្ញា Catriona Gray ចាប់បាន ហើយប្រគល់ឱ្យជំនួយការទុកដាក់។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ គឺបវរកញ្ញារូបនេះ នៅតែបង្ហាញទឹកមុខញញឹម ដើម្បីឱ្យអ្នកគាំទ្រសប្បាយរីករាយរហូត បើទោះបីជា មកុដដែលនាងពាក់បានបាក់ក្តី។

សូមជម្រាប់ថា មកទល់នឹងពេលនេះ គេនៅមិនទាន់ដឹងនៅឡើងទេ ថាមូលហេតុអ្វីបានជាមកុដដ៏មានតម្លៃមួយនេះ បាក់បែកយ៉ាងដូច្នេះ ខណៈកញ្ញា Catriona Gray ប្រើប្រាស់បានត្រឹមតែជាង ២ខែប៉ុណ្ណោះ។ មកុដនេះ ត្រូវបានគេដឹងថា ធ្វើឡើងជាមួយត្បូងពេជ្រចំនួន ៥០០ គ្រាប់ មានទំងន់ជិត ៣០ ការ៉ាត់ គួបផ្សំជាមួយ គុជខ្យង ១២០ គ្រាប់ ដែលសរុបជាតម្លៃចំនួន ២៥ម៉ឺនដុល្លារឯណោះ៕