(ភ្នំពេញ)៖ មួយរយៈមុនទស្សនិកជន បានជ្រាបរួចហើយថា ក្រុមកំប្លែងក្មេងរបស់ លោក រតនៈ វិបុល កំពុងតែថត MV នៅរមណីយដ្ឋានទឹកជ្រោះនានា នៃប្រទេសកម្ពុជា ដើម្បីដាក់បញ្ចូលក្នុងវីដេអូចម្រៀងផ្លូវការរបស់ខ្លួន ដោយក្នុងនោះ មាន មីងដុល្លារ និងយ៉ា ព្រមទាំងសមាជិកក្រុមផ្សេងៗទៀតផងដែរ។ តែយ៉ាងណា មកទល់នឹងពេលនេះ MV ចម្រៀងដែលមានចំណងជើងថា «ខ្ជិល អួត អឿ» បានចេញផ្សាយជាផ្លូវការហើយ ទោះមិនល្អឥតខ្ចោះដូច​ តារាអាជីព ដែលមានទស្សនិកជនជាច្រើន គាំទ្រ និងចូលទៅទស្សនាវីដេអូចម្រៀងនេះ។

ជាការពិត MV ចម្រៀងនេះ គឺជាការសម្តែងរួមគ្នា ពីសំណាក់ក្មេងៗសមាជិកក្រុមទំាងមូល ដោយមានក្បាច់រាំរស់រវើក លាយឡំជាមួយទឹកមុនបែបកំប្លែង ពីសំណាក់ក្មេងៗទាំងអស់ បានធ្វើឱ្យចម្រៀងមួយនេះ កាន់តែមានការគាំទ្រច្រើន ទោះសំនៀងរបស់ពួកគេនៅមានកម្រិតក្តី។ អ្វីដែលទស្សនិកជនចាប់អារម្មណ៍នោះ ក្នុងវីដេអូចម្រៀងគឺមាន ផ្តិតយកទេសភាព ធម្មជាតិ ទឹកជ្រោះ ដល់ត្រជាក់ និងការតុបតែងខ្លួនយ៉ាងសមសួន ដោយមានស្លៀកនូវឈុតប្រពៃណីខ្មែរ និងឈុតស្អាតៗទៀតផង។

យ៉ាងណាមិញ លោក រតនៈ វិបុល ដែលជាអ្នដឹកនំា សម្ដែងសម្រាប់ក្រុមក្មេងៗនេះ បានឲ្យដឹងថា ដំបូងឡើយពួកលោក គ្រាន់តែធ្វើការថត វីដេអូ ខ្លីៗបែបលេងសើចនោះទេ ប៉ុន្តែអ្វីតែនឹកស្មានមិនដល់នោះគឺ មានអ្នកទស្សនាច្រើនមែនទែន ធ្វើឲ្យលោក មានកម្លាំងចិត្ត ក្នុងការបង្កើតវីដេអូ ថ្មីៗបន្តទៀត ខណៈចម្រៀងដែលមានចំណងជើងថា «ខ្ជិល អួត អឿ» នេះ គឺលោកទទួលយកជានិច្ចនូវមតិរិះគន់ ដើម្បីស្ថាបនា ពីសំណាក់ទស្សនិកជន៕