(ភ្នំពេញ)៖ ​មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាមាន លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណរដ្ឋមន្ត្រី, ​អនុរដ្ឋលេខាធិការក្រសួងវប្បធម៌, លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងទស្សនីយភាព នៃក្រសួងវប្បធម៌,លោកឧកញ៉ា ដួងឆាយ និងភរិយា, លោក ឧកញ៉ា ឡេង ណាវ៉ាត្រា, លោក ទិត្យ ថាវរិទ្ធិ, តំណាងអង្គទូតមួយចំនួន លោកអភិបាលខណ្ឌ និងតារាជាច្រើនរូប ត្រូវបានអញ្ជើញឲ្យចូលរួមទស្សនាភាពយន្តរឿង «ទារុណកម្មខ្មោច» យ៉ាងពិសេស មុនពិធីបើកសម្ពោធចូលមកដល់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅរោងភាពយន្ត Major ផ្សារទំនើបអេអន២ ​ខណ្ឌសែនសុខ។

លោក ហ៊ុយ យ៉ាឡេង ជាអ្នកដឹកនាំរឿង និងជាតួសម្ដែងបានថ្លែងអះអាងថា ​ភាពយន្តរឿង «ទារុណកម្មខ្មោច» ជាស្នាដៃពិសេសមួយដែលលោកតាក់តែង ដោយឲ្យសាច់រឿងមានទាំងឈុតខ្មោចលង ពាក់ព័ន្ធនឹងរបបខ្មែរក្រហម ៣ឆ្នាំ៨ខែ និង២០ថ្ងៃ ទើបលោកសម្រេចធ្វើពិធីដាក់បញ្ចាំងពិសេសមួយ ដើម្បីអញ្ជើញថ្នាក់ដឹកនាំប្រចាំក្រសួង មន្ត្រីទូត និងភ្ញៀវកិត្តិយលំដាប់VIP ឲ្យបានទស្សនាមុនសម្ពោធ កុំឲ្យពិបាកទទួលស្វាគមន៍ក្នុងថ្ងៃបើកសម្ពោធ ដែលនឹងធ្វើនៅថ្ងៃទី២៥ កុម្ភ:។ ​ការដាក់បញ្ចាំងពិសេសនេះ ភាពយន្តរបស់លោក បានទទួលនូវមហាកិត្តិយសយ៉ាងខ្លាំងពីភ្ញៀវកិត្តិយស ដែលសុទ្ធតែជាមន្ត្រីថ្នាក់ដឹកនាំតំណាងក្រសួង មន្ត្រីទូត និងភ្ញៀវកម្រិត VIP ជាច្រើនទៀត ខណ:ដែលភ្ញៀវកិត្តិយស ដែលអញ្ជើញមកក៏នៅអង្គុយទស្សនាភាពយន្ត របស់លោករហូតដល់ចប់ ហើយសរសើរថា ស្នាដៃនេះប្លែក និងសំបូរឈុតរន្ធត់ទាក់ភ្នែក។

អ្វីដែលកាត់តែពិសេសនោះ គឺមាន​ស្ថាប័នចំនួន៣ ​មានដូចជា សមាគម​សិល្បករខ្មែរ, សមាគម​ភាពយន្តខ្មែរនិង ផលិតកម្មមាតុចក្រហ្វិលម៍ បានរួមគ្នាធ្វើរឿងដ៏អស្ចារ្យ មួយក្នុងគោលគំនិតតែមួយ លើកស្ទួយភាពយន្តខ្មែរ បានបង្កើតកម្មវិធីមួយមានឈ្មោះថា បញ្ចាំងភាពយន្តជាពិសេស រឿង «ទារុណកម្មខ្មោច» ជូនថ្នាក់ដឹកនាំ មន្រ្តីអង្គទូត មន្រ្តីកម្ពុជា ​លោក លោកស្រី លោកឧកញ៉ា ភ្ញៀវជាតិ និង​អន្តរជាតិ នៅបន្ទប់វីអាយភី រោងភាពយន្តមេជ័រ បានទស្សនាយ៉ាងរីករាយ។

លោក ហ៊ុយ យ៉ាឡេង បានថ្លែងបន្តទៀតថា ពិតជារំភើបនៅពេលសម្រេច​បំណង កម្មវិធីនេះឡើង ក្នុងន័យពង្រីកសក្កដានុពលភាពយន្តខ្មែរ ទៅកាន់បណ្តា​អង្គទូត និងអ្នកមុខអ្នកការថ្នាក់ដឹកនាំ និងលោកឧកញ៉ា ដើម្បីបញ្ហាញថា កុនខ្មែរដើរដល់ណា ព្រោះលោកទាំងអស់ ដែលត្រូវបានអញ្ជើញមកសុទ្ធតែជាបុគ្គល ដែលអាចជួយលើកស្ទួយកុនខ្មែរ តាមរយៈថវិកា​ ក៏ដូចតាមរយៈទំនាក់ទំនងការបរទេស។

ដោយឡែក អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានរំភើបចិត្តដូចគ្នាដែលកម្មវិធីនេះកើតឡើង ដែលជាចំណុចល្អមួយ កាន់តែជម្រុញកុនខ្មែរឲ្យដើរទៅមុខ។ ដោយសារតែអ្នកនាងជឿជាក់លើស្នាដៃ និងសាច់រឿងរបស់លោក ហ៊ុយ យ៉ាឡេង ទើបអ្នកនាងប្រកាសបោះទុនរួមគ្នា ជាមួយលោក ដោយក្រោយចេញជារូបរាង គឺអ្នកនាងប្រកាសថា ភាពយន្តរឿង «ទារុណកម្មខ្មោច» ធ្វើឲ្យអ្នកនាងរំពឹងខ្ពស់។ យ៉ាងណាមិញអ្នកនាង ក៏នៅតែទទួចឲ្យមានការគាំទ្រ ពីសំណាក់អ្នកទស្សនាផងដែរ ដើម្បីឲ្យភាពយន្តនេះ ជោគជ័យតាមការចង់បាន។

ចំពោះលោកប្រធានសមាគមភាពយន្ត ក៏រំភើបដូចគ្នាក្នុងនាមលោក ទើបតែឡើងកាន់តំណែងសមាគមន៍ភាពយន្ត ហើយបានបង្កើតកម្មវិធីនេះឡើង ដើម្បីលើកស្ទួយភាពយន្តខ្មែរ ស្វែងរកទីផ្សារក្រៅស្រុក។

សូមបញ្ជាក់ថា ភាពយន្តរឿង «ទារុណកម្មខ្មោច» និងដាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី២៨ខែកុម្ភៈនេះហើយ សង្ឃឹមថា បងប្អូនខ្មែរនីងជួយគាំទ្រលើកស្ទួយភាពយន្តខ្មែរទាំងអស់គ្នា ព្រោះភាពយន្តមួយនេះ បានត្រៀមរួចហើយ សម្រាប់ដើរដាក់បញ្ចាំងនៅក្រៅស្រុក ដូចជា ប្រទេសថៃ ឡាវ វៀតណាម ភូមា និងបណ្តារប្រទេសជាច្រើនទៀត តាមដែលអាចធ្វើទៅបាន។ ខ្មែរស្រឡាញ់ភាពយន្តខ្មែរ..!៕