(ក្រុងឡុងដ៏)៖ ក្លឹបតោខៀវ Chelsea របស់អង់គ្លេស នៅពេលនេះត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ដាក់បម្រាមមិនឲ្យនាំចូលកីឡាករក្នុងរដូវកាលទីផ្សារដោះដូរកីឡាករ ចំនួន ២រដូវកាល ពោលគឺក្នុងឆ្នាំ ២០១៩ និងទីផ្សារខែមករា ឆ្នាំ២០២០ ដោយសារតែបានធ្វើលើសនឹងច្បាប់ផ្ទេរកីឡាករយុវជន បើតាមការចេញផ្សាយរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA។

ចំពោះការដាក់បម្រាមនេះបានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតឃើញរបស់ FIFA ទៅនឹងការផ្ទេរចូលនូវកីឡាករបរទេសអាយុក្រោម ១៨ឆ្នាំ ហើយត្រូវបានគេរកឃើញថាក្លឹបដែលស្ថិតក្នុងប្រទេសអង់គ្លេស នេះបានល្មើសច្បាប់ចំនួន ២៩ករណីចាប់តាំងពីឆ្នាំ២០១៣ មកដល់ពេលនេះ ក្នុងការបិទសិទ្ធិមិនឲ្យធ្វើការនាំចូលកីឡាករ ក្លឹប Chelsea ក៏ត្រូវពិន័យជាទឹកប្រាក់ប្រមាណជាង ៥៩ម៉ឺនដុល្លារ ហើយសហព័ន្ធបាល់ទាត់អង់គ្លេស FA ក៏ត្រូវពិន័យជាទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លារផងដែរ។

បញ្ជាក់ផងថា ក្លឹប Chelsea គឺនៅមានពេល ៣ថ្ងៃក្នុងការប្ដឹងតវ៉ា ចំណែកឯសហព័ន្ធបាល់ទាត់អង់គ្លេស FA បានប្រកាសថានឹងចូលតវ៉ាចំពោះបញ្ហានេះ តែនឹងបន្តសហការជាមួយ FIFA និងក្លឹប Chelsea ក្នុងការស៊ើបអង្កេតចំពោះរឿងនេះ៕