(កូរ៉េ)៖ កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយចិនមួយបានរាយការណ៍ថា តារាសម្តែងកូរ៉េដ៏ល្បី Song Joongki និង Song Hyekyo បានលែងលះគ្នាហើយ។

សេចក្តីរាយការណ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីគេរកឃើញថា Song Hyekyo មិនបានពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ទេ ហើយថ្មីៗនេះនាងថែមទាំងបានលុបរូបថតរបស់ Song Joongki ចេញពីគណនី Instagram របស់នាងទៀតផង។

ទោះបីជាមានសេចក្តីរាយការណ៍បែបនេះក្តី ប៉ុន្តែអ្នកគាំទ្រមើលឃើញរូបថតរបស់ Song Joongki នៅតែមានលើទំព័រ Instagram របស់ Song Hyekyo នៅឡើយ ជាហេតុធ្វើឲ្យពួកគេមានការខឹងសម្បារយ៉ាងខ្លាំង និងបានធ្វើការរិះគន់ប្រព័ន្ធផ្សព្វផ្សាយនោះថា បានរាយការណ៍ព័ត៌មានមិនពិត ដោយគ្រាន់តែចង់បង្កើតរឿងដ៏គួរឲ្យភ្ញាក់ផ្អើលប៉ុណ្ណោះ។

ក្រុមអ្នកគាំទ្របានចោទខ្លាំងៗទៅលើប្រព័ន្ធផ្សព្វផ្សាយចិន ដែលរាយការណ៍ថា Song Hyekyo និងស្វាមីបានលែងលះគ្នានោះ ឲ្យបញ្ឈប់ការផ្សាយដែលគ្មានមូលដ្ឋានច្បាស់លាស់នេះ និងសូមឲ្យពួកគេគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានផង ព្រោះទោះបីជា Song Hyekyo មិនបានពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍ ក៏មិនមែនមានន័យថានាងនិង Song Joongki លែងលះគ្នាដែរ៕