(ភ្នំពេញ)៖ សម្រាប់អ្នកចាំទីមួយរូបរបស់ក្លឹបបាល់ទាត់បឹងកេត ហ៊ុល គឹមហ៊ុយ ដែលកំពុងបង្ហាញពីការលេងដ៏ល្អឥតខ្ចោះរបស់ខ្លួន បានបង្ហាញពីអារម្មណ៍ដែលកើតមានអំឡុងការប្រកួតពានរង្វាន់ AFF U-22 Championship 2019 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អ្វីដែលសំខាន់ផងនោះ ការសហការគ្នាក្នុងក្រុមពីសំណាក់កីឡាករមកពីក្លឹបដទៃផ្សេងៗគ្នាក្នុងក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំនេះ គឹមហ៊ុយ ក៏បានលើកឡើងផងដែរថា «ខ្ញុំយល់ថាមានការប្រកួតប្រជែងខ្ពស់ យើងឃើញស្រាប់ហើយថាកីឡាករយើងកាលពីប្រកួតទីមួយ និងប្រកួតទីពីរ គឺយើងប្តូរទាំង ១០នាក់ អញ្ចឹងមានន័យថាកីឡាករយើងមានសមត្ថភាពខ្ពស់ យើងចង់ដាក់កីឡាករមួយណាលេងក៏បានដែរ»

ហ៊ុល គឹមហ៊ុយ «ខ្ញុំសប្បាយចិត្តខ្លាំងមែនទែន នៅពេលដែលអ្វីមួយដែលយើងចង់ធ្វើ យើងអាចធ្វើវាបាន ជោគជ័យនេះមិនមែនសម្រាប់តែខ្ញុំផ្ទាល់ទេ ប៉ុន្តែសម្រាប់ក្រុម ក៏ដូចជាប្រទេសជាតិរបស់យើងទាំងមូល»

គួរដឹងដែរថា ចំពោះការប្រកួតចុងក្រោយក្នុងពូល B ជាមួយយុវជនជម្រើសជាតិឥណ្ឌូនេស៊ី នាល្ងាចថ្ងៃសុក្រ ទី២២ ខែកុម្ភៈនេះ អ្នកចាំទីរបស់យើងបានប្តេជ្ញាចិត្តថានឹងខំប្រឹងមិនឱ្យរបូតគ្រាប់បាល់ជាបន្តទៀត។

សូមបញ្ជាក់ថា ឆ្លងកាត់២ប្រកួតកន្លងមក កម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិម៉ាឡេស៊ី U22 ១-០ ទាត់បញ្ចូលទីដោយកីឡាករបឹងកេតមួយរូប សេត រ៉ស៊ីប និងឈ្នះ យុវជនមីយ៉ាន់ម៉ា ២-០ ក្នុងនោះអ្នកចាំទីហ៊ុល គឹមហ៊ុយ គឺជាកីឡាករល្អក្នុងការប្រកួតទីពីរ និងបិទមិនឱ្យរបូតគ្រាប់បាល់នៅឡើយទេ៕