(ថៃ)៖ តារាសម្តែងស្រីជួរមុខរបស់ថៃ កញ្ញា Anne Thongprasom ត្រូវបានមហាជនទូទៅដឹងថា នាងបានប្រឡូកក្នុងវិស័យសិល្បៈ តាំងពីរវ័យជំទង់មកម្ល៉េះ ខណៈបច្ចុប្បន្នប្រជាប្រិយភាពរបស់នាង កាន់តែល្បីល្បាញពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការសម្តែងខ្សែភាពយន្តភាគនានា និងបានក្តោបក្តាប់តំណែងជាតួឯកផងនោះ។ យ៉ាងណាមិញ ក្រៅពីធ្វើជាតារាសម្តែងដ៏ប៉ិនប្រសព្វហើយនោះ ពេលនេះនាងបានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងមុខជំនួញថ្មីមួយរបស់នាង ពោលថ្មីៗនេះនាងបានក្លាយជាម្ចាស់ Condo ដ៏ប្រណិតមួយកន្លែង ស្ទើរតែនឹកស្មានមិនដល់។

ការលើកឡើងបែបនេះ បន្ទាប់ពីអ្នកលេងបណ្តាញសង្គមថៃជាច្រើន បាននាំគ្នាចែករំឡែកនូវ រូបភាព ក៏ដូចជាព័ត៌មាននានា របស់ Anne Thongprasom ជាមួយនឹងការបង្កើតមុខជំនួញថ្មីនេះ ព្រមទាំងភ្ជាប់ជាមួយនឹងពាក្យកោតសរសើរពីសមត្ថភាពនានាគ្រប់គ្នា ថាមានភាពឆ្លាតវ័យ សមជាគំរូដល់នារីដទៃ ដែលមានភាពក្លាយហ៊ាន ចាប់យកមុខរបរថ្មី ក្លាយជាថៅកែស្រី ម្ចាស់ Condo នៅពេលនេះ។

ជាការកត់សម្គាល់ កញ្ញា Anne Thongprasom ត្រូវបានទស្សនិកជនមើលឃើញថា នាងមិនត្រឹមតែជាតារាសម្តែងស្រីនោះទេ ថែមទាំងបានវិវត្តន៍ខ្លួន ទៅជាអ្នកដឹកនាំរឿង ដែលពោរពេញដោយសមត្ថភាពទៀតផង។ ការទម្លាយមុខជំនួញដ៏កាក់កបក្នុងដៃរបស់តារាស្រីជើងចាស់ សម្រស់ចាំក្នុងសិល្បះថៃនាង Anne Thongprasom ពេលនេះពិតជាធ្វើឱ្យគ្រប់គ្នា ចាប់អារម្មណ៍ខ្លាំង ព្រោះនាងមានសមត្ថភាពខ្ពស់ បូកផ្សំទាំងរូបសម្បត្តិផងនោះ បានធ្វើឲ្យនាងកាន់តែជោគជ័យ និងល្បីល្បាញឡើងតែម្តង៕