(ភ្នំពេញ)៖ មួយរយៈចុងក្រោយនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្រោយផ្ទុះករណីមានអ្នកស្លាប់ ដោយសារឆ្កែខាំ ឬឆ្មា​ខាំ រហូតដល់មានប្រជាពលរដ្ឋជាច្រើនកុះករ បន្ដនាំកូនចៅទៅ​ ចាក់ថ្នាំបង្ការជំងឺឆ្កែឆ្កួត នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាបន្តបន្ទាប់។ ជាមួយគ្នានេះ តារាសម្ដែង និងជាពិធីករទូរទស្សន៍ Fresh news លោក ម៉ឺន ឯកសុភារិទ្ធ បានសម្ដែងក្ដីព្រួយបារម្ភ​យ៉ាងខ្លាំង ខណៈដែលលោកចេញទៅសម្តែងនៅខេត្តកំពង់ឆ្នាំង ក៏ស្រាប់តែជួបរឿងមិនល្អ ដោយត្រូវឆ្កែ​ខាំលោកត្រូវចំខាងលើកែងជើង។ តែអ្វីដែលគួរឲ្យព្រួយបារម្ភខ្លាំងបំផុតនោះ​ គឺ​លោកកំពុងតែមិនស្រួលខ្លួន វិលមុខ និងឈឺក្បាលផងដែរ។

ជាក់ស្ដែង លោក ម៉ឺន ឯកសុភារិទ្ធ បានបញ្ជាក់ប្រាប់ឲ្យដឹង តាមរយៈទូរស័ព្ទ មកកាន់គេហទំព័រ Khmer Talking និង Fresh news ថា ក្រោយពេលដែលលោក ត្រូវបានឆ្កែខាំ ពេលនេះផងដែរ លោកបានទៅចាក់វ៉ាក់សាំងការពារ នៅខេត្ត​កំពង់​ឆ្នាំង​រួចរាល់ហើយ។ ដោយឡែក​តែ​លោកនៅ​តែមាន អាការៈ​វិល​មុខ​ ឈឺក្បាល​ មិនឈប់នោះទេ រហូតធ្វើឲ្យលោកនៅតែមានការព្រួយបារម្ភនៅឡើយ​។

ទោះបីជាលោក ម៉ឺន ឯកសុភារិទ្ធ បានធ្វើការចាក់វ៉ាក់សាំងការពារ ដើម្បីជៀសវាងពីជំងឺដ៏កាចសាហាវ ដែលឆ្លងតាមរយៈឆ្កែខាំ នេះហើយនៅមន្ទីរពេទ្យនៅខេត្តកំពង់ឆ្នាំរួចហើយក្ដី តែលោកនៅតែមាន អាការៈវិលមុខ និងឈឺក្បាល ដែលធ្វើឲ្យលោកនៅតែមានការភ័យខ្លាច និងព្រួយបារម្ភនៅឡើយ ក្នុងនោះក៏មានអ្នកគាំទ្រ របស់លោកជាច្រើន ក៏បានជម្រុញ ឲ្យលោក ទៅបន្តការចាក់ថ្នាំការពារជាបន្តទៀត នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា​។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ជំងឺឆ្កែឆ្កួត នៅតែជាបញ្ហាដល់គួរឲ្យព្រួយបារម្ភ ខណៈដែល​កាលពីប៉ុន្មានថ្ងៃមុននេះ មានមនុស្ស២នាក់ហើយ បានស្លាប់ជាបន្ដបន្ទាប់ ដោយសារតែឆ្កែ និងឆ្មា​ខាំ បន្ទាប់ពីពួកគេមិនធ្លាប់បានចាក់វ៉ាក់សាំងបង្ការ ជំងឺមួយនេះពីមុនមកនោះទេ៕