(ម៉ាឌ្រីដ)៖ ក្រុមបាល់ទាត់ Sevilla នៃប្រទេសអេស្ប៉ាញបានឈ្នះកៅអី១ ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយមុនគេ នៃពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League ក្រោយបន្តឈ្នះ Lazio ២-០ បញ្ចប់ជើងទី២ នាយប់មិញនេះ ក្នុងវគ្គ៣២ក្រុម។

Sevilla បានយកឈ្នះក្រុមរបស់អ៊ីតាលី Lazio ១-០ កាលពីជើងទី១ មុនពេលធ្វើបាន ២គ្រាប់ទៀតបញ្ចប់ជើងទី២ ដើម្បីទទួលបានកៅអី១ ឡើងវគ្គ ១/៨ មុនគេដែលជាការធ្វើសម្រេចដោយកីឡាករ Ben Yedder នៅនាទីទី២០ និង មិត្តរួមក្រុម Sarabia នៅនាទីទី៧៨ ជាមួយនឹងបាត់បង់សមាជិក១រូបផងដែរនៅនាទីទី៦០ ពីការពិន័យកាតក្រហម ក្រោយទទួលបានកាតលឿងជាលើកទី២ និង Marusic របស់ Lazio ត្រូវបានពិន័យកាតក្រហមតែម្តងនៅនាទីទី៧១ ដោយសារបង្កកំហុសធ្ងន់ធ្ងរពេក។

យ៉ាងណាក៏ដោយ ក្រុមដែលធ្លាប់ឈ្នះពាននេះ ២សម័យកាលជាប់ៗគ្នាក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៦ Sevilla ត្រូវរង់ ចាំគូប្រកួតដែលត្រូវប្រកួតរាត្រីនេះបញ្ចប់ជើងទី២ វគ្គ៣២ក្រុម ខណៈ៣ក្រុមទៀតរបស់ប្រទេសអេស្ប៉ាញដូចគ្នា Valencia, Villarreal និង Real Betis ធ្វើបានល្អដូចគ្នាក្នុងជើងទី១ នៅទឹកដីក្រៅផ្ទះ៕